(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជនជាច្រើនទៀត គ្រោងនឹងរៀបចំវេទិការយុវជនទេសចរណ៍លើកទី១ អមជាមួយពិព័រណ៌ការងារទេសចរណ៍ នៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉ (CKCC)។

វេទិកានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សជាប់ និងធ្លាក់មធ្យមសិក្សាទុតិយភូមិ (BACII) អាចស្វែងយល់ពីឱកាសការងារក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា។ ផ្តល់ឱកាសឱ្យយុវជនកម្ពុជាចូលរួមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា ពិសេសចលនាទេសចរណ៍ក្នុងស្រុក និងផ្តល់ឱកាសឱ្យសិក្សានុសិស្ស និសិ្សត អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ធុរជនក្នុងវិស័យទេសចរណ៍ និងសាធារណជនទាំងអស់ ចូលរួមបង្ហាញជំនាញ និង/ឬ ចូលរួមប្រកួតជំនាញក្នុងវិស័យទេសចរណ៍ ផងដែរ។

ទន្ទឹមនឹងនេះ ក្នុងវេទិកានោះ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏គ្រោងនឹងប្រកាសនូវរង្វាន់យុវជនទេសចរណ៍ឆ្នើមប្រចាំឆ្នាំ២០១៧ ចំនួន៧ប្រភេទវិញ្ញាសារ ដូចខាងក្រោម៖

១៖យុវជនឆ្នើមក្នុងការប្រកួតប្រជែងវីដេអូទេសចរណ៍ ឆ្នាំ២០១៧ «កម្ពុជាមាតុភូមិខ្ញុំ»

២៖យុវជនឆ្នើមផ្នែកស្ថាបត្យកម្មក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧ «ស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់កម្ពុជា»

៣៖អង្គភាពឆ្នើមក្នុងយុទ្ធនាការកម្ពុជាស្អាត ឆ្នាំ២០១៧ «Clean City Hero»

៤៖ បុគ្គលឆ្នើមក្នុងយុទ្ធនាការកម្ពុជាស្អាត ឆ្នាំ២០១៧ «Clean City Hero»

៥៖ យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧ «ផ្នែកគេហកិច្ច៖ លើវិញ្ញាសាររៀបចំគ្រែ»

៦៖ យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧ «ផ្នែកអាហារ និងភេសជ្ជៈ៖ លើវិញ្ញាសារដើរប្រណាំងលើកភេសជ្ជៈ»

៧៖ យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ឆ្នាំ២០១៧ «ផ្នែកអាហារ និងភេសជ្ជៈ៖ លើវិញ្ញាសារក្រឡុកស្រា និងភេសជ្ជៈ»៕