(បន្ទាយមានជ័យ)៖ នារីវ័យក្មេងម្នាក់ ដែលបង្ហោះពាក្យពេចន៍ជេរប្រមាថព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើបណ្ដាញសង្គម Facebook បានសារភាពថា ទង្វើរបស់ខ្លួនធ្វើតាមការណែនាំរបស់បុគ្គលឈ្មោះ អ៊ា គីមស្រេង ជាខ្មែររស់នៅប្រទេសអូស្ត្រាលី។

ចម្លើយសារភាពនេះ បានធ្វើឡើងបន្ទាប់នារីដែលមានឈ្មោះថា មឿន លីហ័រ អាយុ ២០ឆ្នាំ មានមុខរបរលក់ផ្លែឈើនៅផ្សាររ៉ុងក្លឿ ប្រទសថៃ ស្នាក់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនមកសួរនាំកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា សារជេរប្រមាថរបស់នារីម្នាក់នេះ បានធ្វើឡើងតាមបណ្តាញសង្គម Fecebook ដែលគណនីឈ្មោះ «ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍»។

ប្រភពពីមន្រ្តីអាវុធហត្ថ បានបន្តថា ក្រោយពេលកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសាកសួរនោះ កញ្ញា មឿន លីហ័រ បានសារភាពថា ខ្លួនគេពិតជាបានយករូបភាពកាត់ត ដែលជារូបភាពព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសសេរខ្លឹមសារមួយចំនួន ក្នុងន័យជេរប្រមាថ និងរិះគន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា។

លីហ័រ បានសារភាពទៀតថា ការបង្ហោះនេះ គឺនាងធ្វើតាមបញ្ជា និងណែនាំពីឈ្មោះ អ៊ា គីមស្រេង ភេទប្រុសអាយុប្រហែលជា ៥៦ឆ្នាំ ដែលជាជនជាតិខ្មែររស់នៅប្រទេសអូរស្ត្រាលី ហើយគេប្រាប់ថា ជាចៅក្រមអន្តរបណ្តាញនៅប្រទេសអូស្ត្រាលី ដែលមានប្រើប្រាស់គណនី Facebook ឈ្មោះ Kimsrang Eer ដែលបានផ្ញើរូបភាពកាត់តរួច ហើយមានរូបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសរសេរខ្លឹមសារមួយចំនួនរិះគន់ និងជេរប្រមាថបង្ហោះនៅលើគណនី Facebook របស់ខ្លួនឈ្មោះ «ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍» ទៀតផង។

ស្ត្រីជាប់សង្ស័យបានបញ្ជាក់ថា មុនពេលបញ្ចូលរូបភាពកាត់ត និងខ្លឹមសារទៅក្នុងគណនី Facebook របស់ខ្លួន ឈ្មោះ អ៊ា គីមស្រេង ប្រាប់ថា មិនចាំបាច់ខ្លាចទេ ព្រោះគេមានឯកសារគ្រប់គ្រាន់ហើយ ហើយបើមានបញ្ហាកើតឡើង គឺឲ្យប្តឹងគាត់ទៅ ទើបខ្លួនសម្រេចចិត្តបង្ហោះរូបភាពកាត់ត និងខ្លឹមសារមួយចំនួននោះ។

ស្ត្រីជាប់សង្ស័យឈ្មោះ មឿន លីហ័រ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ អ៊ា គីមស្រេង រយៈពេល៣ឆ្នាំមកហើយ តាមរយៈបណ្តាញ Facebook ក្រោយមក ឈ្មោះ អ៊ា គីមស្រេង បានផ្ញើរូបភាពកាត់ត និងខ្លឹមសារមួយចំនួនដែលរិះគន់ជេរប្រមាថព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយបង្ហោះក្នុងគណនី Facebook របស់ខ្លួនឈ្មោះ «ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍» ដើម្បីចែកចាយបន្តឲ្យគេឯងបានឃើញ ហើយក៏មិនទាន់បានប្រយោជន៍ណាមួយ ពីឈ្មោះ អ៊ា គីមស្រេង នោះដែរ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេលសាកសួររួចហើយ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ អ៊ា គឹមស្រេង គឺជាខ្មែររស់នៅប្រទេសអូស្ត្រាលី ហើយតែងបានបង្ហោះសារ ថតជាវីដេអូឃ្លីប កាត់តរូបភាពជាដើមប្រមាថចំពោះព្រះកិត្តិនាមព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រិយ៍ ព្រមទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕