(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៧២ និងកិច្ចប្រជុំផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ជាមួយប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលចេញផ្សាយនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសេចក្ដីថ្លែងការណ៍នៅក្នុងសម័យប្រជុំមហាសន្និបាតសហប្រជាជាតិ លើកទី៧២ ដោយផ្ដោតសំខាន់លើសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងភេរវកម្ម សមិទ្ធផលរបស់កម្ពុជា ស្ដីពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងចុះហត្ថលេខាជាមួយសមភាគីមកពីប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី លើឯកសារចំនួន២ រួមមាន៖
ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រេស៊ីល ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស។
ទី២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូឡុំប៊ី ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា៖