(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ដល់សិស្សជ័យលាភី ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន០៩នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងខេត្តកំពង់ធំ។

ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តនោះ លោក សុខ លូ បានកោតសរសើរដល់សិស្សទាំង៩នាក់ ដែលប្រឡងជាប់និទ្ទេស A ដោយសមត្ថភាព តាមរយ:ការខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលជោគជ័យ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់យុវសិស្ស បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងអន្តរជាតិ។ លោកថ្លែងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចល្អ មានអ្នកវិនិយោគអន្តរជាតិជាច្រើន មកបណ្ដាក់ទុន ដូចនេះកម្ពុជាត្រូវការអ្នកមានចំណេះដឹង ដើម្បីបម្រើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងចំណោមសិស្សនិទ្ទេសA ទាំងអស់ក្នុងខេត្តកំពុងធំ ក៏យុវសិស្ស សាន ស្រីមុំ ដែលជាក្មេងមានជីវភាពក្រីក្រលំបាក ឪពុកម្តាយពុំមានលទ្ធភាពបញ្ជូនកូនមកសិក្សារៀនសូត្រ ទើបបញ្ជូនមករស់នៅបុរីកុមារកំព្រាខេត្តនេះផងដែរ។

លោកអភិបាលខេត្ត សុខ លូ ក៏បានឧបត្ថម្ភដល់ជាប់និទ្ទេសA នូវម៉ូតូ១គ្រឿង និងថវិកា៤០០ដុល្លារ ដូចអ្វីដែលបានសន្យាកន្លងមក និងឧបត្ថម្ភលោគ្រូ សួន អ៊ីម បង្រៀនគណិតវិទ្យាដល់សិស្សឈ្មោះ សាន ស្រីមុំ នូវថវិកា ចំនួន ១លានរៀល និងលោកនាយកសាលាទាំងបួន ម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល ផងដែរ។

យុវសិស្ស បានថ្លែងអំណរគុណដល់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A និងផ្តាំផ្ញើដល់យុវសិស្សជំនាន់ក្រោយស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អកូនល្អ ពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិ។

សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់ទូទាំងខេត្តកំពង់ធំ ចំនួន,៣០៣១នាក់ ស្រី១,៦២៩នាក់ រួមមានសិស្សទទួលបាន និទ្ទេស A ចំនួន៩នាក់ ស្រី៥នាក់, និទ្ទេស B ចំនួន៦៥នាក់ ស្រី៣១នាក់, និទ្ទេស C ចំនួន១៨០នាក់ ស្រី៩៣នាក់, និទ្ទេស D ចំនួន៤៥៥នាក់ ស្រី២៣០នាក់ និងនិទ្ទេស E ចំនួន២,៣២២នាក់ ស្រី១,២៧០នាក់៕