(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ​និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ​អញ្ជើញប្រកាស និងប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និង​តែងតាំងបន្ថែម សមាជិកក្រុមការងារចុះជួយក្រុង ស្រុកទាំង១២ ខេត្តសៀមរាប។

ក្នុងនោះក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធាន​គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ផងដែរ​។

លោក ឃឹម ប៊ុនសុង ​បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារដែលបានអនុវត្ត​កន្លងមក កត្តាសំខាន់អំពីចំណុចខ្លាំង និង​បញ្ហាប្រឈម ក្នុងឱកាសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ព្រមទាំងការធ្វើបច្ចុប្បន្នភាព នៃសមាជិកសមាជិកាបក្ស នៅតាមមូលដ្ឋាន ក្នុងការប្រមូលផ្តុំកម្លាំង ប្រជាជាតិទាំងមូល ថែរក្សសន្តិភាព ស្ថិរភាពនយោបាយ ដើមី្បពង្រឹងដំណើរកិច្ចអភិវឌ្ឍន៍របស់ជាតិ និង​ធានាជោគជ័យ​ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ​។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំមានធនធានមនុស្សមានធនធានហិរញ្ញវត្ថុ មានបទពិសោធន៍ ក្នុងការដឹកនាំ ប្រទេសគ្រប់ដំណាក់កាល ដូច្នេះគណបក្សប្រជាជនកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចទិសដៅជម្រុញការអភិវឌ្ឍន៍ ប្រទេសកម្ពុជា​ឲ្យមានការរីកចម្រើនខ្ពស់នៅឆ្នាំ២០៣០​។

សម្តេចពិជ័យសេនា ទៀ បាញ់ បានក៏ពន្យល់ដល់សមាជិកក្រុមការងារបក្សគ្រប់ក្រុង ស្រុក ​អំពីគោលនយោបាយដែលគណបក្សចូលរួមបោះឆ្នោត ក៏បានដាក់ចេញនោះ វាជាកិច្ចការដែលគណបក្សប្រជាជន បានធ្វើនឹងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ដូចជាការអភិវឌ្ឍន៍ឃុំ សង្កាត់កន្លងមកនេះ គណបក្សប្រជាជនបានយកចិត្តទុកដាក់ ធ្វើតាមទិសដៅដែលបានដាក់ចេញ តាមគោលនយោបាយឃុំ សង្កាត់ និង​ដំណាក់កាល​។

​ម៉្យាងទៀតការកែសម្រួល និង​បំពេញបន្ថែម សមាជិកក្រុមការងារចុះជួយមូលដ្ឋាននាពេល​នេះ គឺជាការពង្រឹង និង​ជម្រុញការ ព្រមទាំងក្តាប់ឲ្យបាន ការធ្វើបញ្ជីបច្ចុប្បន្នភាព លើបញ្ជីគ្រួសារបក្ស និង​ធ្វើការ​ជម្រុញដល់សមាជិកបក្សទាំងអស់ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង​ការធ្វើបច្ចុប្បន្នភាពបញ្ជី ឈ្មោះបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា​។

សម្តេច​គូសបញ្ជាក់ថា ក្រុមការងារទាំងអស់​ត្រូវបង្កើននូវកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន​ក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួន ព្រមទាំងផ្តល់នូវជំនឿទុកចិត្ត ដល់ប្រជាជន​​ដែលជា​កត្តាស្នូលដ៏សំខាន់របស់គណបក្សប្រជាជន​ ដែល​សម្តេចក៏បានធ្វើការក្រើនរំលឹក ដល់ក្រុមការងារ និង​អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់ឲ្យបានពីសតិអារម្មណ៍របស់ប្រជាជន និង​ក្រុមជនអគតិមួយចំនួន ដែលតែងបង្កនូវ​ភាពអសន្តិសុខក្នុងសង្គម​។ ដើម្បីប្រទេសជាតិ​ឆ្ពោះឈានទៅមុខ តម្រូវការជាមុននោះ គឺ​ការរក្សាសន្តិភាពឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ ក៏យើងមិនឲ្យបរទេសមក ប្រើប្រាស់ជនជាតិខ្មែរ ដើមី្បសម្លាប់ខ្មែរតទៅទៀតឡើយ​ ហើយយើងក៏មិនឲ្យនណាមកបំផ្លាញសេចក្តីសុខរបស់ជាតិ និង​ប្រជាជនយើងឡើយ​។

ក្នុងនោះ​ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកនូវវិធានការ និង​អនុសាសន៍សំខាន់ៗ របស់គណបក្សប្រជាជន ដើម្បីជាគោលមាគ៌ា​ក្នុងការឆ្ពោះទៅភាពជោគជ័យពេលខាងមុខ ព្រមទាំងបានផ្ដាំផ្ញើ និង​ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តប្រពៃណីរបស់ខ្លួន ចំពោះប្រជាពលរដ្ឋ​ និង​ជួយដោះស្រាយរាល់ការ លំបាក់របស់ប្រជាពលរដ្ឋ ស្របតាមទិសដៅ និង​ផែនការដែលគណ:កម្មាធិការកណ្ដាល បានដាក់ចុះ ព្រមទាំងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ ប្រជាពលរដ្ឋដែលប្រឈម​នឹងជីវភាពរស់នៅ ផ្តល់សេវាតម្រូវការ និង​សេវាបម្រើដោយសមធម៌ និង​រួមដឹកនាំការពារសមិទ្ធផល ដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង។

នៅរសៀលថ្ងៃដដែលនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដអញ្ជើញចូល​រួមពិធីប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារចុះ​ជួយស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ និងស្រុកពួក​ផងដែរ៕