(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការប្រមូលឈើជាច្រើនដុំ ដែលជនល្មើសលួចកាប់យកពីខេត្តពោធិ៍សាត់ ហើយយកទៅលាក់ទុកក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានឲ្យដឹងថា ក្នុងពេលទៅដល់កន្លែងលាក់ឈើខាងលើ កម្លាំងចម្រុះបានដើរប្រមូលឈើ ដែលពួកឈ្មួញលួចលាក់សម្រាប់ដឹកយកទៅលក់ ហើយឈើនេះមានប្រភពចេញមកពីក្នុងព្រៃនៃភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោកមេបញ្ជាការបានបន្តថា ខណៈនេះកម្លាំងប្រមូលបានឈើចំនួន ៤២ដុំហើយ និងកំពុងរុករកបន្ត ព្រោះសង្ស័យថានៅមានទៀត ជាមួយការត្រៀមរថយន្តដឹកជញ្ជូនចេញទៅរក្សាទុក នៅស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្បែរផ្សារកន្ទួតផងដែរ។

សូមបញ្ជាក់ថា ឈើប្រណិតៗដែលប្រមូលបានទាំង៤២ខាងលើ ជាប្រភេទឈើធ្នង់ ម្រេញ និងបេង តែមិនទាន់រកឃើញអស់នៅឡើយទេ រងចាំមន្រ្តីជំនាញធ្វើការវាស់វែងបន្តទៀតសិន ទើបដឹងចំនួនជាក់លាក់៕