(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចែកអំណោយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ហើយស្ម័គ្រចិត្តចូលមករស់នៅក្នុងបុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដោយចំណាយអស់ថវិកាសរុបជាង១៦លានរៀល។

ពិធីប្រគល់អំណោយខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ និងមានការចូលរួមពី លោក ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ដែលបានរៀបចំឡើងនៅក្នុងបុរីរុងរឿង នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខដុមរមនា ក្នុងបុរីរុងរឿង បានសម្ដែងនៃ ភាពសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានផ្ទះរស់នៅសមរម្យ មានប្រព័ន្ធទឹកស្អាត
ប្រើប្រាស់មានប្រព័ន្ធលូត្រឹមត្រូវ និងលើសពីនេះទៀត ទាំងលក្ខណៈជីវភាពររស់នៅក៏កាន់តែល្អប្រសើរឡើងជាលំដាប់។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ដោយក្នុងនោះ មានផ្សារ មានសាលារៀន សម្រាប់កូនចៅ មានមន្ទីរពេទ្យ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ដែលបង្កលក្ខណៈ ឲ្យអាចប្រកបអាជីវកម្ម បង្កើនប្រាប់ចំណូលប្រចាំថ្ងៃល្អប្រសើរ និងខ្លះទៀតទទួលបានការងារក្នុងបុរី និងទទួលបានប្រាក់បៀវត្សសមរម្យ ដែលផ្ទុយស្រឡះពីមុន ពួកយើងខ្ញុំធ្លាប់ជា កសិកររស់នៅដាច់ស្រយាល និងមានជីវភាពរស់នៅប្រចាំថ្ងៃខ្វះខាត។

បើតាមតំណាងក្រុមហ៊ុនបាននិយាយថា កន្លងមកក្រុមហ៊ុនបានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៏ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន១៦លើករួចមកហើយ ហើយនេះក៏ជាលើកទី១៧ផងដែរ។

តំណាងក្រុមហ៊ុននិយាយថា កត្តាទាំងអស់ខាងលើនេះហើយ ទើបជំរុញឲ្យប្រជាពលរដ្ឋយល់ព្រម ទទួលយកនូវគោលនយោបាយដោះដូរផ្ទះ ជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ពីផ្ទះតូច​ធ្វើអំពី​ឈើប្រក់ស័ង្កសី មកជាផ្ទះថ្មធ្វើអំពីឥដ្ឋបេតុងវិញ ហើយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាប់ទីប្រជុំជន មានផ្សារសម្រាប់ប្រកបរបររកស៊ីចិញ្ចឹមជីវិត។

តំណាងក្រុមហ៊ុន បានបន្ថែមទៀតថា លើសពីនេះទៀត តម្លៃ​ទីផ្សារអចលនទ្រព្យ​​របស់ពួកគាត់ មាន​ការកើនឡើងខ្ពស់ បន្ទាប់ពីគម្រោងតំបន់អភិវឌ្ឍន៍​ទីក្រុងរណប​ជ្រោយចង្វារថ្មីនេះ លេចចេញជារូបរាងឡើង។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត​រស់នៅ​ក្នុង​បុរីរុង​រឿង បើគិតពីការចំណាយតាំងពីលើកទី១ ដល់លើកទី១៧នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប ៣៨២លាន ៣សែនរៀលហើយ។

ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជា៖ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម ។ល។

ប៉ុន្តែក្រោយ ពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាល​សម្រេច​ប្រគល់សិទ្ធិ​ ឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC )ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឲ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថាតំបន់នេះ ត្រូវបានផ្លាស់​ប្តូរមុខមាត់ថ្មី ​ស្របតាមការ​អភិវឌ្ឍន៍របស់ប្រទេសជាតិ៕