(ភ្នំពេញ)៖ ខណៈចរន្តទេសចរក្នុងស្រុកកំពុងកើនឡើងគួរឲ្យកត់សម្គាល់ នាអំឡុងបុណ្យកាន់បិណ្ឌនេះ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញពីការមើលឃើញថា ភ្ញៀវទេសចរជាតិនឹងបន្តកើនឡើងច្រើនបន្ថែមទៀត ជាមួយការចំណាយខ្ពស់ជាងសព្វដង ដែលជាសញ្ញាណវិជ្ជមានដ៏ប្រសើរមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ទិត ចន្ថា បានចង្អុលបង្ហាញថា ភ្ញៀវទេសចរនឹងតម្រង់នៅកាន់ទីវត្តអារាម និងតំបន់រមណីយដ្ឋានទេសចរណ៍នានា ដូចជាតំបន់ឆ្នេរសមុទ្រ តំបន់វប្បធម៌ ប្រាសាទបុរាណ តំបន់ធម្មជាតិជាដើម។

លោករដ្ឋលេខាធិការបានបន្តថា រៀងរាល់ថ្ងៃកាន់បិណ្ឌ ប្រជាពលរដ្ឋខ្មែរបានទៅធ្វើបុណ្យនៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ ជាយរាជធានី ឬវត្តនៅស្រុកកំណើត ដែលនេះជាសកម្មភាពទេសចរណ៍បែបសាសនានៅទូទាំងប្រទេស ប៉ុន្តែដល់ពេលថ្ងៃភ្ជុំបិណ្ឌធំតែម្ដង ស្របទៅនឹងថ្ងៃឈប់សម្រាកសម្រាប់មន្រ្តីរាជការ បុគ្គលការងារឯកជន កម្មករនិយោជិតផងនោះ ពួកគេនឹងចេញទៅលេងស្រុកកំណើត ទៅធ្វើបុណ្យនៅតាមវត្តអារាម និងបបួលញាតិមិត្ត មិត្តភក្តិទៅទស្សនារមណីយដ្ឋានទេសចរណ៍នានា ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ ឆ្នេរសមុទ្រ តំបន់ធម្មជាតិនៅភាគឦសានជាដើម។

បើនិយាយពីចលនាទេសចរអន្តរជាតិវិញ ពួកគេនៅតែនិយមទៅទស្សនានៅតំបន់ឆ្នេរសមុទ្រ តំបន់សៀមរាប-អង្គរ រាជធានីភ្នំពេញ ដែលជាតំបន់ទេសចរណ៍មានសក្តានុពលល្បីល្បាញ ហើយនៅបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមការបន្ថែមរបស់លោក ទិត ចន្ថា។

លោកបញ្ជាក់ថា កាលណាភ្ញៀវទេសចរធ្វើចលនាទៅមកបែបនេះហើយ តែងតែត្រូវការចំណាយលើទំនិញ សេវានានា ពិសេសគឺពេលភ្ជុំបិណ្ឌនេះតែម្ដង ពួកគេនឹងចំណាយច្រើនទៅលើសម្ភារប្រើប្រាស់ គ្រឿងទេយ្យទាន និងវត្ថុផ្សេងៗ ជាហេតុនាំឲ្យចរន្តសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិមានសកម្មភាព នោះហើយជាសញ្ញាណវិជ្ជមានដ៏ប្រសើរសម្រាប់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។

ក្រសួងទេសចរណ៍ ក៏បានស្នើយ៉ាងទទូចដល់អាជីវករ ប្រតិបត្តិការទេសចរណ៍ទាំងអស់ ទោះជាក្នុងឱកាសបុណ្យទានក៏ដោយ សូមកុំដំឡើងថ្លៃទំនិញ សេវាកម្មរបស់ខ្លួនខ្ពស់ហួសហេតុពេក និងត្រូវបិទបញ្ជាក់ពីថ្លៃទំនិញ សេវារបស់ខ្លួនប្រាប់ទៅអតិថិជនឲ្យបានត្រឹមត្រូវ និងសមរម្យផងដែរ។

បើតាមលោក ទិត ចន្ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិមានការកើនឡើងជាបន្តបន្ទាប់ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា មានចំនួនប្រមាណជាង ៣.២លាននាក់ កើនឡើង ១២.១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦៕