(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបើកការដ្ឋានសាងសង់អគារចំនួន ២ខ្នង មាន៥បន្ទប់ ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដែលជាជំនួយរបស់លោកឧកញ៉ា លី វាសនា និងលោកស្រី ប្រធានអង្គការវាសនាម៉ារីយ៉ាអភិវឌ្ឍន៍ដល់ជនក្រីក្រ។

ការប្រកាសឧបត្ថម្ភអគារខាងលើ ធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា លី វាសនា និងលោកស្រី រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលជាមួយកុមារកំព្រាចំនួនជាង៨០នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងបាននាំយកគ្រឿងឧបភោគ-បរិភោគ រួមទាំងថវិកាមួយចំនួនប្រគល់ជូនមជ្ឈមណ្ឌលនេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

លោក គួច ចំរើន បានលើកឡើងថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែងបូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី វាសនា និងលោកស្រី ម៉ាន ម៉ារីយ៉ាន រួមទាំងសប្បុរសជនមកពីប្រទេសសិង្ហបុរី ដែលបានផ្តល់ជូនអគារចំនួន២ខ្នង ដើម្បីសម្រួលដល់ការស្នាក់នៅ សិក្សារបស់ក្មួយៗកុមារដែលកំពុងរស់នៅទីនេះ។

លោកឧកញ៉ា លី វាសនា បានឲ្យដឹងថា ថ្ងៃនេះលោកមានសេចក្តីរីករាយណាស់ ដែលបានពាំនាំអំណោយរបស់សប្បុរសជនមកពីប្រទេសសិង្ហបុរី ក៏ដូចជាខ្លួនលោក និងលោកស្រីផ្ទាល់ ប្រគល់ជូនមជ្ឈមណ្ឌល់កុមារកំព្រាខេត្តកំពង់ចាម។

លោកឧកញ៉ាបានបន្តថា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីរបស់ប្រជាជនកម្ពុជា លោកឧកញ៉ា និងលោកស្រី នឹងខិតខំកៀរគរសប្បុរសជនដែលជាដៃគូមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសផ្សេងៗបន្ថែមទៀត ដើម្បីស្វែងរកជំនួយមកជួយដល់ប្រជាពលរដ្ឋ ពិសេសក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានប្រកាសបើកការដ្ឋានសាងសង់អគារជាផ្លូវការតែម្ដង និងបាននាំយកគ្រឿងឧបភោគ-បរិភោគមួយចំនួនជូនមជ្ឈមណ្ឌលកុមារកំព្រាផងដែរ ក្នុងនោះលោកបានចែកថវិកាដល់កុមារម្នាក់ៗ ៥០,០០០រៀល។

បើតាមរបាយការណ៍របស់ប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម បានឲ្យដឹងថា សព្វថ្ងៃមជ្ឈមណ្ឌលកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាចំនួន ៨១នាក់ ក្នុងនោះមានស្រី២៨នាក់ ហើយបុគ្គលិកបម្រើការ ១១នាក់ ៕