(ហ្វីលីពីន)៖ មានប្រសាសន៍ទៅកាន់មហាសន្និបាតលើកទី៣៨ អន្តរសភាអាស៊ាន នៅក្នុងប្រទេសហ្វីលីពីន សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា សភានិងរដ្ឋាភិបាលប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍អាយប៉ា និងអាស៊ាន ឲ្យក្លាយជាដៃគូពិតប្រាកដ ដើម្បីជំនះនូវឧបសគ្គនានាសំដៅសម្រេចបាននូវទស្សនៈវិស័យរួមក្នុងសហគមន៍។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាយប៉ា មិនត្រូវអនុម័តសេចក្តីសម្រេចណា ដែលមានខ្លឹមសារនិងអត្ថន័យមិនស្របទៅនឹងស្មារតីឯកភាពគ្នា របស់រដ្ឋាភិបាលប្រទេសសមាជិកអាស៊ានឡើយ ដោយត្រូវពិនិត្យមើលឡើងវិញ និងធ្វើវិសោធនកម្មចំពោះសេចក្តីសម្រេចណា ដែលជះឥទ្ធិពលមិនល្អ ដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ាន។

«អាយប៉ា ត្រូវតែបង្ហាញពីទស្សនៈវិស័យពិតប្រាកដ និងឯកភាពរួមមួយ រួចហើយរៀបចំផែនការមេជាមួយនិងប្រតិទិនការងារមួយច្បាស់លាស់ ដើម្បីឈានទៅសម្រេច បាននូវគោលដៅរួមនោះ ក្រោមកិច្ចសហការពីអាស៊ាន និងអង្គភាពពាក់ព័ន្ធ» នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភាកម្ពុជា។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ បង្កើតឡើងដោយសភាបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ និយាយបែបខ្លី អាយប៉ា ជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន។

អាយប៉ា និងអាស៊ាន បានកំពុងជំរុញភាពជាដៃគូក្នុងការអភិវឌ្ឍន៍តំបន់អាស៊ាន ជាសហគមន៍តែមួយ។ អាយប៉ាតែងតែបើកមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសជាសមាជិក។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ដែលប្រារព្ធធ្វើនៅក្នុងប្រទេសហ្វីលីពីន នាពេលនេះ ក្រោមប្រធានបទ «អាយប៉ា និង អាស៊ាន គឺជាដៃគូដើម្បីការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ន» ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ នៅក្នុងបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី៣៨នេះថា ប្រធានខាងលើនេះជាប្រធានបទដ៏មានសារៈសំខាន់ ស្របទៅ នឹងបរិបទតំបន់ និងសកលនាពេលបច្ចុប្បន្ន និងបានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់អាយប៉ា ក្នុងភាពជាដៃគូរបស់អាស៊ានក្នុងជំហាន ឆ្ពោះទៅកាន់ភាពសុខុដុមនីយកម្ម នៃប្រជាសហគមន៍អាស៊ានទាំងមូល ។

សម្តេចបានគូសបញ្ជាក់បន្តថា មហាសន្និបាតអាយប៉ាលើកទី៣៨ ប្រព្រឹត្តទៅស្របគ្នានឹងខួបលើកទី៤០ របស់អាយប៉ា និងខួបលើកទី៥០ របស់អាស៊ាន ជាមួយនឹងប្រធានបទ ដែលបង្ហាញពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាពរួមរបស់អាស៊ាន។

សម្តេចមានប្រសាសន៍បន្តថា កិច្ចខិតខំប្រឹងប្រែងរបស់អាយប៉ាក្នុងរយៈពេល៤ទសវត្សរ៍កន្លងមកនេះ បាននឹងកំពុងធ្វើឲ្យស្ថាប័នមួយនេះ មានតួនាទីកាន់តែសំខាន់ និង ចាំបាច់ក្នុងភាពជាតំណាងឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋអាស៊ានជាង៦០០លាននាក់។ «យើងបានបំពេញមុខងារស្នូលក្នុងកិច្ចការនីតិកម្ម មានការអនុម័តច្បាប់ និងផ្ដល់សច្ចាប័នលើសន្ធិសញ្ញា អនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងនានា ព្រមទាំងតាមដានរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងកិច្ចព្រមព្រៀងទាំងនោះ»

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨ បានកំពុងប្រារព្ធធ្វើនៅក្នុងប្រទេសហ្វីលីពីន ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ។  ពិធីបើកមហាសន្និបាត ជាផ្លូវការបានប្រារព្ធធ្វើ នាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ក្រោមអធិបតីភាពរបស់លោក Aquilino Pimentel III ប្រធានព្រឹទ្ធសភាប្រទេសហ្វីលីពីន និងលោក Pantalen D. Alvarez ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធានអន្តរសភាអាស៊ានលើកទី៣៨។

ប្រធានស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសហ្វីលីពីន បានជំរុញដល់ថ្នាក់ដឹកនាំសភាដែលជាសមាជិក អន្តរអាស៊ានទំាងអស់ រួមទំាងសមាជិកគណៈប្រតិភូដែលបានចូលរួម មហាសន្និបាតលើកទី៣៨នេះ ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍រួមគ្នាក្នុងសហគមន៍តែមួយ ស្របតាមចក្ខុវិស័យរបស់អាស៊ាន។

លោក Pantalen D. Alvarez ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធានអន្តរសភាអាស៊ានលើកទី៣៨ បានលើកឡើងថា អាស៊ានជាសហគមន៍ដែលចម្រុះពួជសាសន៍ ជម្រុះសាសនា និងភាសា តែទស្សនៈរបស់អាស៊ានតែមួយ គឺសន្តិភាពនិងការអភិវឌ្ឍ។ អាយប៉ា និងអាស៊ាន បានក្លាយជាស្ថាប័នពោរពេញដោយថាមពល សក្តានុពល ក្នុងការបង្កើតគំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តនានា ដើម្បីធ្វើឲ្យប្រជាពលរដ្ឋអាស៊ានទទួលបានផលប្រយោជន៍រួមយូរអង្វែង។

សូមជំរាបផងដែរថា នៅក្នុងមហាសន្និបាតនេះ ប្រធានគណៈប្រតិភូសភាទំាង១០ប្រទេស ដែលជាសមាជិកអាយប៉ា បានឡើងធ្វើបទអន្តរាគមន៍ដូចគ្នាៗ។ នៅក្នុងបទអន្តរាគមន៍ទំាងអស់ ភាគច្រើនបានជំរុញដល់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ា ដោយធ្វើយ៉ាងណា ដើម្បីឲ្យអាស៊ានឆ្ពោះទៅកាន់ សហគមន៍អាស៊ាននៅឆ្នាំ២០២៥៕