(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​១៦ ខែកញ្ញា​ ឆ្នាំ២០១៧នេះ សកលវិទ្យាល័យន័យតុន បានបង្កើតកម្មវិធីមួយស្តីពី «ការប្រកួតសមិទ្ធិផលស្នាដៃនិស្សិតសាបត្យកម្ម និងនគររោបនីយកម្ម នៃសកលវិទ្យាល័យ» ក្រោមអធិបតីភាព លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម រួមនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសកលវិទ្យាល័យ​ ហើយក៏មានការចូលរួមពីនិស្សិតផ្នែក «ស្ថាបត្យកម្ម និងនគររោបនីយកម្ម» មានពីឆ្នាំទី១ ដល់ឆ្នាំទី៤។

ក្នុងឱកាសនោះ លោក ភឿង សុភ័ណ្ឌ លើកឡើងថា​ «វិស័យស្ថាបត្យករសំណង់យើងនេះបានចូលរួមចំណែក នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវបានចាត់ចូលជាចំណាត់ថ្នាក់ទី៣ ក្នុងចំណូលថវិកាជាតិ បន្ទាប់ពីវិស័យកាត់ដេរ, វិស័យទេសចរណ៍ និងវិស័យកសិកម្ម»

លោកបន្ថែមថា ទុនវិនិយោគលើវិស័យសំណង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ មានកំណើនកើនជាលំដាប់ ហើយជាក់ស្ដែងនៅឆ្នាំ២០១៥ ទុនវិនិយោគលើវិស័យសំណង់ មានចំនួនដល់ទៅជាង៣ពាន់លានដុល្លារអាមេរិក សម្រាប់ ២០១៦មានការកើនឡើង ពី៣ពាន់លានដុល្លារ ជិត៥ពាន់លានដុល្លារ។ ហើយនៅនៅត្រីមាសទី៣ឆ្នាំ២០១៧យើងនេះ មានកំណើនជាង៤ពាន់លានដុល្លារ។ លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះវិស័យនេះកំពុង លើកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទាំងនៅក្នុងតំបន់អាស៊ាន»

ការប្រកួតជ្រើសរើសស្នាដៃនិស្សិតរៀបចំឡើងដើម្បីលើកទឹកចិត្តនិស្សិត «ផ្នែកស្ថាបត្យកម្ម និងនគររោបនីយកម្ម» ទាំងអស់បានខិតខំសិក្សាមុខវិជ្ជាជំនាញទាំងឡាយនៅក្នុងឆ្នាំនីមួយៗ ដែលជាកត្តាមួយជួយជម្រុញ ឲ្យនិស្សិតខិតខំកសាងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជាស្ថាបត្យករអាជីពពោរពេញដោយសមត្ថភាព និងគុណភាព។

សមិទ្ធិផលស្នាដៃនិស្សិតនៃ មហាវិទ្យាល័យវិទ្យាសាស្រ្តដែលទទួលបានមេដាយមាស (Gold Medals) ប្រាក់, សំរិទ្ធ និងរង្វាន់ផ្សេងៗ នឹងដាក់តាំងក្នុងពិព័ណ៌ក៏ដូចជាក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីដាក់បង្ហាញឲ្យសាធារណជនបានឃើញ និងបានដឹងពីសម្ថភាព និងភាពជោគជ័យប្រកប ដោយមោទនភាពរបស់និស្សិតខ្មែរ។

លោក ភឿង សុភ័ណ្ឌ បញ្ជាក់បន្ថែមទៀតថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមានការអភិវឌ្ឍន៍ខ្លាំងតាមរយៈកំណើនអគារខ្ពស់ៗ និងការសាងសង់អគារទាំងនោះបន្តជាហូរហែរ។ លោកបញ្ជាក់ថា «ពេលយើងចូលទៅប្រទេសណាមួយហើយ ឃើញមានការសាងសង់ច្រើនដូចនៅរាជធានីភ្នំពេញយើងអញ្ចឹង! គឺគេអាចសន្និដ្ឋានថា ប្រទេសហ្នឹងមានការអភិឌ្ឍន៍ តាមរយៈដងស្ទួចធ្វើសកម្មភាពសាងសង់គ្រប់ទីកន្លែង»

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យន័រតុន នឹងយកស្នាដៃនិស្សិតទាំងអស់ ដាក់បង្ហាញនៅក្នុងពិធីតាំងពិពណ៌អប់រំ បើកឲ្យមហាជនទូទៅ ចូលទស្សនារយៈពេល១សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ កញ្ញាដល់ ៣តុលា ឆ្នាំ២០១៧ខាងមុខនេះ៕