(ត្បូងឃ្មុំ)៖ ​រដ្ឋមន្ដ្រី វង សូត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ននេះមានភព្វ័សំណាងណាស់ មានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

​រដ្ឋមន្ដ្រី វង សូត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសិស្សមកពី៤វិទ្យាល័យ វិទ្យាល័យជាស៊ីមកណ្ដោលជ្រុំ វិទ្យាល័យហេងសំរិនអន្លង់ជ្រៃ ​វិទ្យាល័យហ៊ុនសែនពញាក្រែក និងវិទ្យាល័យក្រែក នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាច្រើនរយនាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២១-២២ ខែសីហា កន្លងមកនេះ។

លោក វង សូត បានបន្តថា «យុវជនសម័យតេជោមានភព្វ័វាសនាល្អជាងយុវជនជំនាន់មុនៗ មិនបានរៀនសូត្រ រងការទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិករាប់ពាន់គ្រាប់ មកលើទឹកដីកម្ពុជាជំនាន់របបលន់ណុល និងឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទស្សវត្សរិ៍។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកត្រើយសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ​​ និងការអភិវឌ្ឍទូទាំងប្រទេស មានហេដ្ឋារចនាសម្ពន្ធ័ សង្គមតាំងពីជនបទដល់ទីក្រុង ធ្វើឱ្យយុវជននាបច្ចុប្បន្ននេះ មានឱកាសក្រេបជញ្ជក់នូវចំណេះដឹងពេញលេញទាំងនៅក្នុង និង​ក្រៅប្រទេស»

ថ្នាក់ដឹកនាំរូបនេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាអាទិភាពលើវិស័យអប់រំ ដោយជម្រុញការកសាងសាលារៀនរាប់ពាន់ខ្នង និងបើកឱ្យមានវិទ្យាល័យនៅតាមឃុំបង្ខិតឱ្យជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។ លោកបានជម្រុញលើកទឹកចិត្តឱ្យយុវជនជាសិស្សានុសិស្ស បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងអន្តរជាតិ។

បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនបរទេសជាពិសេសប្រទេសចិន បានមកបណ្ដាក់ទុននៅកម្ពុជាជាច្រើនដូចនេះ កម្ពុជាត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជម្រុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

​លោក វង សូត បានផ្ដាំផ្ញើរដល់សិស្សានុសិស្ស ស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អកូនល្អ ពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដ នៃប្រទេសជាតិ។

តាមរបាយការណ៍របស់ លោក ឡុង ធាម ប្រធានគណៈកម្មាធិការបក្សស្រុកពញាក្រែក បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៦ ដល់២០១៧ មានបេក្ខជនដែលបានចូលរួមប្រឡងទូទាំងស្រុកពញាក្រែក មានចំនួនសរុប៥១៤នាក់ ប្រឡងជាប់២៦៧នាក់ ប្រឡងធ្លាក់១២១នាក់ សិស្សជាប់និទ្ទេសA ចំនួនម្នាក់ និទ្ទេសBចំនួន១១នាក់ និទ្ទេសC ចំនួន២៩នាក់ និទ្ទេស D ចំនួន៦២នាក់ និងនិទ្ទេស Eចំនួន២៩០នាក់៕