(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលល្ងាចពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសមួយទាក់ទិនប្រទេសកម្ពុជាយើងខ្ញុំ លើកិច្ចការសុវត្ថិភាពសន្តិសុខ និងទេសចរណ៍។

ប្រជាជនកម្ពុជាយើងខ្ញុំឆ្ងល់ នឹងចរិតសារជាតិនៃសេចក្តីថ្លែងការណ៍នេះ ហើយយល់ឃើញថា៖ «ការព្រួយបារម្ភពីបញ្ហាអសន្តិសុខ​ នៅប្រទេសកម្ពុជា» យើងខ្ញុំ គឺជាការថ្លែងបង្អើល និងជាការបំភ័យជ្រុលហួសពីសភាពការណ៍ពិត នៃប្រទេសកម្ពុជាយើងខ្ញុំ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងកំពុងសង្រួមចិត្តស្ងប់ស្ងាត់ ដោយជ្រះថ្លាក្នុងការប្រារព្វបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

រហូតមកដល់ថ្ងៃនេះ គ្មានរបាយការណ៍ណាមួយអំពីបញ្ហាអសន្តិសុខ ដែលត្រូវព្រួយបារម្ភនោះទេ។ ដូច្នេះយើងខ្ញុំសង្ឃឹមថា ទូតអាមេរិកនឹងបន្តបង្ហាញភាពអត់ធ្មត់ ថ្លៃថ្នូរ និងភាពចាស់ទុំ ដោយមិនគប្បីធ្វើសេចក្តីថ្លែងការណ៍ណាមួយ ដែលបង្អើលបំភ្លៃសភាពការណ៍បែបនេះ តទៅទៀតទេ។ សូមមិត្តទូតអាមេរិករួមដៃសហការដោយស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាលយើងខ្ញុំក្នុងការលើកតម្កើងបរិយាកាសល្អ សម្រាប់វិស័យទេសចរណ៍ ការវិនិយោគ និងការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។

ផ្ទុយទៅវិញ ប្រសិនបើជាក្នុងចិត្តឯកអគ្គរដ្ឋទូតអាមេរិកមិនស្ងប់ដោយប្រការណាមួយ ហើយលោកទូតមានព័ត៌មានច្បាស់ពីក្រុមជ្រុលនិយមគ្រោងបង្កបញ្ហាអសន្តិសុខ នោះសូមមិត្តទូតអាមេរិកជួយសហការពេញលេញ និងឆ្លើយប្រាប់សមត្ថកិច្ចសន្តិសុខផ្លូវការយើងខ្ញុំឲ្យស្មោះត្រង់ ដោយចង្អុលឲ្យចំថា៖ តើកន្លែងអសន្តិសុខនៅកន្លែងណា? ក្រុមបង្កអំពើជ្រុលនិយមនោះជាអ្នកណា? លាក់ខ្លួននៅកន្លែងណា? ហើយអ្នកណានៅពីក្រោយជួយរៀបចំ?៕

ពីយើងខ្ញុំប្រជាជនកម្ពុជា រស់នៅរាជធានីភ្នំពេញ,