(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

លោក ម៉ុម សារឿន ក្នុងឋានៈជា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសអំពីបញ្ហាសុខភាព មាតា ទារក និងកុមារ។

អំណោយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនអ្នកជំងឺចំនួន​៦៣នាក់ (ស្រ្តីសំរាលកូន​២០នាក់, អ្នកជំងឺកុមារ​៤៣នាក់) ម្នាក់ៗទទួលបានថវិកា ២០,០០០រៀល, ឃីតចំនួន១ (ភួយ មុង សារុង ក្រម៉ា), មី​០១កេស, ត្រីខ​០១យួរ, ទឹកដោះគោ​០៥កំប៉ុង, ស្កសរ​០១គីឡូក្រាម  និងឧបត្ថម្ភគ្រូពេទ្យចំនួន ១៨នាក់ ម្នាក់ៗទទួលបានថវិកា ២០,០០០រៀល៕