(ភ្នំពេញ)៖ ក្លឹបបាល់ទះដ៏ល្បីរបស់ប្រទេសថៃឈ្មោះ «NK Fitness» បានជ្រើសរើសយកកីឡាករបាល់ទះកម្ពុជា មី រស្មី (ពាក់អាវលេខ៨) ទៅលេងឲ្យក្លឹបរបស់ខ្លួន។ នេះបើតាមលោក ស សុខា អនុប្រធានទី១នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានសរសរនៅលើ Facebook ផ្លូវការរបស់ខ្លួន ជាមួយការអបអរសាទរផងដែរ។

បើតាមលោក ស សុខា កីឡាករ មី រស្មី សព្វថ្ងៃកំពុងលេងឲ្យក្លឹបវិសាខារបស់កម្ពុជា ជាកីឡាករឆ្នើមមួយរូបប្រកបដោយទេពកោសល្យ។ លោកថា នេះ​ជាលើកទី១ហើយ ដែលបរទេសទិញ​កីឡាករខ្មែរទៅលេង League នៅ​ប្រទេស​ថៃ ​នៅប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ រហូតពេញមួយរដូវកាល ពោលគឺលេងរហូតដល់ចូលឆ្នាំខ្មែរ។

កីឡាករ មី រស្មី ជាកីឡាករប្រកបដោយទេពកោសល្យ ដែលរួមមានទាំងបច្ចេកទេស និងភាពវៀងវៃ រហ័សរហួន ក្នុងចំណោម​កីឡាករ​ជា​ច្រើន​ទៀត​របស់​ក្លឹបបាល់ទះ​វិសាខា។

លោកបន្តថា ក្លឹបបាល់ទះវិសាខា ជាក្លឹបកំពុងទទួលប្រជាប្រិយភាព និងល្បី​ឈ្មោះទាំងក្នុងប្រទេសកម្ពុជា និងឆាកអន្តរជាតិ។ ក្លិបនេះ បាននាំកីឡាករចេញប្រកួតរាប់ភ្លេចដង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយតែងតែទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតធំៗ នាំមកនូវកិត្តិស័ព្ទជូនជាតិ ពិសេសលើកកម្ពស់វិស័យកីឡា​កម្ពុជា។

លោក ស សុខា បានសម្ដែងនូវការអបអរសាទរ ដែលកីឡាករខ្មែរ​មាន​សមត្ថភាពមិនចាញ់កីឡាករបរទេសប៉ុន្មានឡើយ រហូតមានឱកាស​ស្មើ​មុខ​ស្មើមាត់ជាមួយ​ប្រទេស​ជិត​ខាង រហូតត្រូវបានក្លឹបដ៏ល្បីនៅប្រទេសថៃ ជ្រើសរើសយក​ទៅលេងក្នុងក្លឹបរបស់គេ៕