(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃទី ១៥​ ខែកញ្ញា​ ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌​ ក្នុងឱកាសចុះសួរសុខទុក្ខគ្រួសារកុមារមានជំងឺ​ និងទារកទើបកើតចំនួន ៤២៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ រួមជាមួយថ្នាក់ដឹកនាំ-សហការី នៃកាកបាទក្រហមកម្ពុជា​ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់តាមគ្រែរបស់អ្នកជំងឺ ដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ​ គិតគូរ​ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក​ ហើយត្រូវការឱ្យកាកបាទក្រហមកម្ពុជាជួយជាចាំបាច់​ ជាពិសេស​ ចាស់ជរាឥតទីពឹង​ គ្រួសារជនពិការ​ កុមារកំព្រា​ ស្ត្រីមេម៉ាយ​ អ្នកជំងឺក្រីក្រ​ និងអ្នករស់នៅជាមួយមេរោគអេដស៍។ល។​

ជាមួយគ្នានោះ​ លោកស្រីអគ្គលេខាធិការ​ បានថ្លែងនូវការកោតសរសើរប្រកបដោយ មោទនភាពចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យកុមារជាតិ​ ដែលបានជួយដល់កុមារកម្ពុជារាប់ម៉ឺននាក់​ មកដល់សព្វថ្ងៃ។​ ទន្ទឹមនឹងនេះ​ សូមផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការបរិភោគ-រស់នៅ​ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ​ ដែលជាហេតុ​ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ។ សូមប្រុងប្រយ័ត្ននឹងជំងឺគ្រុនឈាម​-គ្រុនចាញ់​ ដែលបង្កឡើងដោយមូសខ្លាញី​ និងមូលដែកគោល​ ដោយត្រូវគេងក្នុងមុងជានិច្ច។​ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀតទាត់ និងចាក់ថ្នាំបង្ការជំងឺ ហើយសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូន។

ក្រុមគ្រួសារអ្នកជំងឺទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។​ ទន្ទឹមនឹងនេះ​ សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ​ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ​ អស់ពីសមត្ថភាព​ មានវិជ្ជាជីវៈច្បាស់លាស់​ និងពោរពេញដោយក្តីមេត្តា​ ករុណា​ មនុស្សធម៌ចំពោះអ្នកជំងឺ។

សូមបញ្ជាក់ថា អ្នកជំងឺទាំង ៤២៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល៕