(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដោះដូរជាសាធារណជន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ថា បើអាមេរិកផ្តល់វីសារ ដល់មន្រ្តីក្រសួងការបរទេសខ្មែរវិញ កម្ពុជាក៏សម្រេចបន្តកិច្ចព្រមព្រៀង រុករកធាតុទាហានអាមេរិកវិញដែរ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថា កម្ពុជាមិនលុបចោលទេ ប៉ុន្តែសូមផ្អាកជាបណ្តោះអាសន្នបើអាមេរិកមិនផ្តល់ឱ្យយើងត្រឡប់មកវិញ យើងក៏មិនបន្តសហការ ជាមួយអាមេរិកលើបញ្ហានេះហើយ សូមក្រុមគ្រួសារទាំងឡាយនេះសម្ព័ន្ធគ្រួសារអាមេរិកដែលបានបាត់ខ្លួន កុំបន្ទោសរដ្ឋាភិបាលកម្ពុជា បើចង់បន្ទោសៗ ស្ថានទូតអាមេរិកកម្ពុជា និងបន្ទោសរដ្ឋបាលអាមេរិកទៅ អ្នកឯងចេះធ្វើមកលើសម្តេច សម្តេចក៏ចេះធ្វើទៅលើអ្នកឯងវិញដែរ។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខណៈសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ជាស្វ័យប្រវត្តិ គឺអាមេរិកបានលុបចោលកិច្ចព្រមព្រៀងនេះ ជាលក្ខណៈឯកតោភាគីហើយ ជាការឆ្លើយតប កម្ពុជាប្រាប់ទៅសហរដ្ឋអាមេរិកវិញថា កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុ ឬឆ្អឹងខ្មោចអាមេរិកបាត់ខ្លួននៅកម្ពុជាជាង៨០នាក់ ដែលសព្វថ្ងៃរកឃើញជាង៤០នាក់ នៅសល់ជាង៤០នាក់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន»

សម្តេចតេជោ បានបន្តថា «ដោយយោងលើគោលការណ៍ម​នុស្សធម៌ សម្តេចក្រឡាហោម ស ខេង និងខ្ញុំ បានពិភាក្សាគ្នាថា យើងគួរតែ ធ្វើវិសោធនកម្ម យើងមិនបានបញ្ឈប់ដោយ ឯកតោភាគីទេ ប៉ុន្តែយើងបានស្នើសុំ ឱ្យមានការធ្វើ វិសោធនកម្ម លើកិច្ចព្រមព្រៀងនេះ ដោយយោងលើសិទ្ធិមនុស្ស និងស្មារតីមនុស្សធម៌ ព្រោះជាការបំបែកឪពុកនិងកូន ប្តីនិងប្រពន្ធ វាអសីលធម៌ខ្លាំងណា ប៉ុន្តែយើងមិននឹងស្មានថា អាមេរិកគ្មានគុណធម៌ ហើយក៏គ្មានមនុស្សបែបនេះទេ ក្នុងពេលដែលខ្លួននិយាយកោកៗអំពីសិទ្ធិមនុស្ស»

ប​ន្ថែមពីលើនេះនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្រសួងមហាផ្ទៃ កំពុងត្រៀមបញ្ជូម​មនុស្ស ដើម្បីទៅសម្ភាសន៍ ២៨នាក់ ដែលអាមេរិកគ្រោងនឹងបញ្ជូនមក ប៉ុន្តែបែរជាសហរដ្ឋអាមេរិក ប្រាប់យើងថាមិនត្រូវបានផ្តល់ទិដ្ឋាការសម្រាប់ ការទូតរបស់យើងក្រសួងការបរទេសទៀតទេ។

គួរបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ដោយប្រកាសថា កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋ អាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា។

ការប្រតិកម្មដោយប្រកាសផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើង ក្រោយពេលសហរដ្ឋអាមេរិក ប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល នៃក្រសួងនេះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក្រោមការចោទប្រកាន់ថា កម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែល មិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ៕