(ពោធិ៍សាត់)៖ ពានរង្វាន់ និងវិញ្ញាបនបត្រផ្នែកសូចនាករទឹកស្អាត ទីក្រុងអាស៊ាន ឆ្នាំ២០១៧ ដែលលោក ម៉ៅ ធនិន បានដឹកនាំប្រតិភូទៅចូល រួមទទួលក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី បរិស្ថានអាស៊ាន នៅទីក្រុង Bandar Seri Begawan  នៃប្រទេសប្រុយណេ កាលពីយប់ថ្ងៃទី១២ ខែកញ្ញានោះ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរ និងដង្ហែទៅកាន់បុរីវប្បធម៌កោះសំពៅមាស នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមជិត២ពាន់នាក់ ស្ថិតក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី។

លោក ម៉ៅ ធនិន បានថ្លែងថា ក្រុងពោធិ៍សាត់ បានទទួលពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកសូចនាករទឹកស្អាតអាស៊ាន ឆ្នាំ២០១៧ ពីទីក្រុង Bandar Seri Begawan  នៃប្រទេសប្រ៊ុយណេ និងត្រូវបានរៀបចំធ្វើពិធីអបអរសាទរនាពេលនេះ គឺជាមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេស ខេត្តយើងនិងប្រជាពលរដ្ឋទូទាំងខេត្ត។ លោកបានជម្រាបជូនថាខេត្តពោធិ៍សាត់យើង មានធនធានធម្មជាតិ និងសក្តានុពលជាច្រើនជាពិសេសទំនប់ ធារាសាស្ត្រខ្នាតធំ២កន្លែង គឺទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ គួបផ្សំទឹកស្ទឹងពោធិ៍សាត់ ដែលហូរចេញពីជួរភ្នំក្រវាញ មិនចេះរីងស្ងួត (ស្ទឹងរស់) សម្រាប់បម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ និងប្រើប្រាស់ទៅលើដំណាំកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសត្វពាហនៈ គ្រប់រដូវកាល។

លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានថ្លែងថា នៅប្រទេសកម្ពុជា មានទីក្រុងចំនួន២តែប៉ុណ្ណោះដែលបានចាត់ចូលជាទីក្រុង គម្រូអាស៊ាន «ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងក្រុងកែប ខេត្តកែប» បានចូលខ្លួនប្រគួតប្រជែងដណ្តើម ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុង ដែលតែងតែធ្វើឡើងក្នុងរយៈពេឡ៤ឆ្នាំម្តង។ ការប្រឡងប្រណាំងពានរង្វាន់និរន្តរភាពទីក្រុងអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាតក្នុងឆ្នាំ២០១៧ ដោយកំណត់យកទីក្រុងកែប ខេត្តកែប សម្រាប់ពានរង្វាន់និរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន, ទីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្រាប់សូចនាករទឹកស្អាត, ទីក្រុងព្រះសីហនុ សម្រាប់សូចនាករខ្យល់ស្អាត និងទីក្រុងសៀមរៀប ខេត្តសៀមរាប សម្រាប់សូចនាករដីស្អាត។

លោក ប៉ាន់ មរកត បានបន្តថា ការកំណត់នូវសូចនាករនិរន្តរភាពបរិស្ថាន ទីក្រុងពោធិ៍សាត់ ដែលបានចូលរួមប្រឡងប្រណាំងនោះដោយមានការ គាំទ្រពីរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត បានសហការជាមួយសាលាក្រុង មន្ទីរឧស្សាហកម្ម សិប្បកម្ម អង្គភាពរដ្ឋករទឹក និងមន្ទីរពាក់ព័ន្ធហើយត្រូវបាន គណៈកម្មាធិការវាយតម្លៃចលនាប្រឡងប្រណាំង នៅក្នុងកិច្ចប្រជុំសមាជិកអាស៊ាន កាលពីថ្ងៃទី២៦-២៨ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ លោកបានឱ្យដឹងទៀតថា ទីក្រុងចំនួន១០ នៃសមាជិកអាស៊ាន ក្នុងនោះប្រទេសកម្ពុជា ទីក្រុងកែប បានទទួលពានរង្វាន់និរន្តរភាពបរិស្ថាន និងទីក្រុងតូចធំចំនួន១០ទៀត ក្នុងនោះប្រទេសកម្ពុជា ទីក្រុងពោធិ៍សាត់ ទទួលបានពាន់រង្វាន់ និងវិញ្ញាបនបត្រ លើផ្នែកសូចនាករទឹកស្អាតអាស៊ាន។

លោកបានថ្លែងទៀតថា នៅរាល់ធនធាន និងសក្តានុពលទាំងអស់នោះ បើគ្មានសន្តិភាព និងបើគ្មានការចូលរួមពីប្រជាពលរដ្ឋយើងនោះទេ ក៏មិនអាចទទួលបានពានរង្វាន់នោះដែរ គឺនៅខាងមុខសូមឲ្យប្រជាពលរដ្ឋយើងចូលរួមអភិវឌ្ឍន៍ខេត្តយើង និងថែរក្សាការពារសន្តិភាពបន្ថែមទៀត៕