(ភ្នំពេញ)៖ ក្រោយពីបែកធ្លាយ ពាក្យចចាមអារ៉ាម និងរូបភាពជាច្រើន របស់ស្មាតហ្វូន Huawei Mate 10 ឥឡូវនេះលេចចេញនូវព័ត៌មានថ្មី​ថា Huawei ស្មាតហ្វូនស៊េរីថ្មី​មួយទៀត​នឹង មានបំពាក់នូវ កាមេរ៉ាបួនគ្រាប់។

យោងតាមព័ត៌មានបែកធ្លាយ លើប្រព័ន្ធអ៊ីនធឺណែត បង្ហាញថា ក្រុមហ៊ុន Huawei បានបំពាក់កាមេរ៉ាបួនគ្រាប់ (មុខ២​និងក្រោយ២) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដែលឆ្លុះបញ្ចាំងពីភាពខ្លំាង នៃបច្ចេកវិជ្ជា ការថតរូបបែប Selfie-centric ស៊េរីថ្មី ទំនើប។

Huawei nova 2i មិនមែនជាស្មាតហ្វូន ដែលមានទំហំតូចនោះទេ។ ស្មាតហ្វូននេះមាន ទំហំអេក្រង់ ៥.៩ អ៊ីង ជាមួយនឹងកម្រិត​អេក្រង់ FullHD+ (2160x1080p) ដែលមាន 18:9 aspect ratio មានរ៉េមទំហំ 4GB និងម៉េមូរី ក្នុង ម៉ាស៊ីនទំហំ 64GB (លោកអ្នកអាចបន្ថែម microSD ទំហំដល់ទៅ 256GB) ។ ស្មាតហ្វូននេះ បំពាក់នូវឈីប HiSilicon Kirin octa-core SoC ដែលមានល្បឿន 2.36GHz ថាមពលថ្ម 3,240mAh ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដំណើរការជាមួយនឹង EMUI5.1 ផងដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាចំនួន៤ គឺកាមេរ៉ាភ្លោះ​នៅខាងមុខ និងកាមេរ៉ា ភ្លោះនៅខាង ក្រោយ។ នៅផ្នែកខាងក្រោយ កាមេរ៉ាភ្លោះគឺ 16MP + 2MP ចំនែកកាមេរ៉ា ភ្លោះខាងមុខគឺ 13MP​+​2MP រួមជាមួយនឹងភ្លើង LED Flash ផងដែរ។

ស្មាតហ្វូនស៊េរី Huawei Nova ដំបូងគេត្រូវបានដាក់​បង្ហាញនៅឆ្នាំ២០១៦ ដោយឈ្មោះមានប្រភពមកពីពាក្យ «ការបង្កើត​ថ្មី (Innovation)» ដែលជាទិដ្ឋភាពស្នូល​នៃទស្សនវិជ្ជា របស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូន ស៊េរី HUAWEI nova ត្រូវបានរចនាឡើង យ៉ាងល្អប្រណិត ជាស្មាតហ្វូនស៊េរីទំនើប ថ្នាក់កណ្តាល មានសមត្ថភាពល្អ គ្រប់ចំណុចលើសពីតម្លៃ ដោយផ្តល់នូវលក្ខណៈពិសេស និងមុខងារល្អបំផុតមិនគួរឱ្យជឿ សម្រាប់អតិថិជន ហើយជាពិសេស ភ្ជាប់ជាមួយនឹងទាំងកាមេរ៉ា​ដ៏ល្អឥតខ្ចោះ រស់រវើកនិងមានអាយុ​កាលយូរអង្វែង។

គួររំឭកថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែល តែងតែនាំមុខ បដិវត្តន៍​ឧស្សាហកម្មពិសេស រួមមានបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃ និងកាមេរ៉ាភ្លោះ ​សម្រាប់ស្មាតថ្នាក់កណ្តាល ដូចជាស្មាតហ្វូនស៊េរី GR5 ជាដើម ហើយពេលនេះ ក៏គ្មានអ្វីគួរឲ្យចំឡែក​ភ្ញាក់ផ្អើលឡើយ ដែលក្រុមហ៊ុនមួយនេះ នាំយកនូវលក្ខណៈ ​បច្ចេកទេសពិសេសៗ មកបន្ថែមលើចំណុច ស្មាតហ្វូនកំពូលៗរបស់ខ្លួន៕