(ភ្នំពេញ)៖ បុគ្គលិកមន្ត្រីបម្រើការងារ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការដឹកនាំដោយ សាស្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បាននិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ ​ជូនដល់​បុព្វការីជនដែលមានមាតា បីតា ជីជូន ជីតា ញាតិកាល​ទាំង៧សន្តាន ដែលបានចែកឋាន។

ពិធីនេះបានប្រារព្ធនៅមន្ទីពេទ្យកាល់ម៉ែត ​នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០​១៧ ត្រូវនឹងវេនបិណ្ឌទី១០ ដែលពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានប្រារព្ធទាំងអស់គ្នា។​

​លោកសាស្រ្តាចារ្យ ឈាង រ៉ា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានរាប់បាត្រ និងប្រគេ​នទេយ្យ​ទាន បច្ច័យ​មួយចំនួន ដល់ព្រះសង្ឃ​ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយ​រំលាយដ្ឋានទៅកាន់លោកខាងមុខ។

​លោកសាស្រ្តាចារ្យ ​ឈាង រ៉ា បានលើកឡើងដែរថា រដូវបុណ្យភ្ជុំ​បិណ្ឌ​របស់ខ្មែរ ដែលត្រូ​វបាន​ប្រជាពលរដ្ឋខ្មែរ​ ថែរក្សាទុកតាំង​ពីបុរាណកាលមកហើយ ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបាន​ប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោក ទៅហើយដើម្បីទទួលបាន សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ​៕