(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានចង្អុលមុខ​កូរ៉េខាងជើងថា ​ការធ្វើតេស្ដមីស៊ីលផ្លោង​នៅថ្ងៃសុក្រនេះ អាចនឹងធ្វើឱ្យ​រាល់កិច្ចសន្ទនា​ទាំងអស់​មិនកើត​ឡើងបាន ហើយលោក​ក៏បានព្រមានកម្ទេច​ទីក្រុងព្យុងយ៉ាង មិនឱ្យងើបមុខរួចផងដែរ បើហ៊ាន​បង្កការគំរាមកំហែង​ដល់កូរ៉េខាងត្បូង។​ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik​​ នៅរសៀលថ្ងៃសុក្រ​ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ការព្រមានបែប​នេះរបស់ លោក មូន ជែអ៊ីន ធ្វើឡើង​បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង​បាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចំងាយមធ្យម​មួយគ្រាប់ ហោះរំលង​ពីលើ​ប្រទេសជប៉ុន មុននឹងធ្លាក់​ចូលទៅ ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។ គ្រាប់មីស៊ីលនេះ​ត្រូវបានបាញ់​​នៅម៉ោង ៦៖៥៧​នាទី​ព្រឹក ថ្ងៃសុក្រនេះ ចេញពីតំបន់​ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់បានចម្ងាយ​ប្រមាណ ៣,៧០០គីឡូម៉ែត្រ ព្រមទាំងហោះរំលងពី​លើដែនអាកាសនៃកោះហុកកៃដូមុននឹងធ្លាក់នៅ​ចម្ងាយប្រហែលជា ២,០១៥ ​គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុនទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។

ភ្លាមៗក្រោយការធ្វើតេស្ដនេះដែរ លោក មូន បានបញ្ជា​ឱ្យយោធាកូរ៉េខាងត្បូង​ ដឹកនាំការធ្វើសមយុទ្ធ​យោធា​បាញ់មីស៊ីល ជាសារព្រមានមួយ​ផ្ញើទៅកាន់ លោក គីម ជុងអ៊ុន។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ បានលើកឡើ​ងនៅក្នុងកិច្ចប្រជុំ ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​យ៉ាងដូច្នេះថា «កិច្ចសន្ទនា​មិនអាចកើត​ឡើងឡើយ នៅក្នុងស្ថានភាពបែបនេះ... ប៉ុន្តែនៅក្នុងករណី កូរ៉េខាងជើងហ៊ាន​ធ្វើសង្រ្គាមប្រឆាំង​នឹងពួកយើង ឬក៏សម្ព័ន្ធមិត្ត​របស់យើង នោះយើងនឹង​កម្ទេចកូរ៉េខាងជើង​មិនឱ្យងើប​មុខរួច»

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជា​លើកមួយឡើយ ដែលការគំរាមបែបនេះ​ចេញពីមាត់ប្រធានាធិបតី​កូរ៉េខាងត្បូង ហើយម្យ៉ាងវិញទៀត កូរ៉េខាងត្បូងទេតើ ដែល​តែងតែអំពាវនាវ​ឱ្យកូរ៉េខាងជើង​ចូលតុចរចា ត្បិតទីក្រុង​សេអ៊ូល ដឹងយ៉ាងច្បាស់ថា ការធ្វើសង្រ្គាម​ជាមួយ​កូរ៉េខាងជើង នឹងបង្កជាវិនាសកម្ម​មិនអាចកាត់​ថ្លៃបាន៕

http://image.hankookilbo.com/i.aspx?Guid=2af0f32e755844d3800818bae34247be&Month=201707&size=640 http://17909.cdx.c.ooyala.com/liZnJqYzE6CMms0Dg6Ycv377Wi5zbGMf/promo328887664