(ភ្នំពេញ)៖ ឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតនៅតាមផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យជនរួមជាតិខ្មែរទាំងអស់ត្រូវក្រោកឈរឡើង ហើយរួបរួមគ្នាជាធ្លុងមួយពង្រឹងស្មារតីជាតិនិយម កំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យភាព សេរីភាព និងអធិបតេយ្យភាពរបស់ប្រជាជាតិខ្មែរ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

ការបំផុសបំផុលរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការ ស្វែងការឆ្អឹងទាហានអាមេរិក និងព្រឹត្តិការណ៍ក្ដៅគគុកមួយចំនួនទៀត ដែលត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ពិសេសស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាតែម្ដង ព្យាយាមកាងការពារជនក្បត់ជាតិ កឹម សុខា ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពីបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) ក្នុងគោលដៅបង្កើតបដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

សម្ដេចប្រមុខបានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសដែលមានឯករាជ្យភាព សេរីភាព និងអធិបតេយ្យភាពពេញលេញ មិនអាចឲ្យបរទេសឈ្លានពានមកកកូរកកាយ កិច្ចការផ្ទៃក្នុងរបស់ខ្លួន និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការចាត់តាំងមនុស្សដែលជាជនក្បត់ជាតិ មកផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានឡើយ ហើយជនក្បត់ជាតិទាំងនោះ ដាច់ខាតមិនអាចលើកលែងទោសនោះទេ ពោលគឺត្រូវអនុវត្តទៅតាមច្បាប់ជាធរមាន។

ការឈឺចាប់ចំពោះការប្រមាថពីសំណាក់មហាអំណាចអាមេរិកបែបនេះ បានញ៉ាំងឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអំពាវនាវដល់ជនរួមជាតិកម្ពុជាយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវជនរួមជាតិកម្ពុជាងើបឈរឡើង ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ខ្លួន។ ខ្ញុំមិនចង់ឲ្យមានព្រឹត្តិការណ៍ ឆ្នាំ១៩៦៥-៦៦ កើតឡើងវិញនោះទេ ទាក់ទិននឹងបាតុកម្មប្រឆាំងស្ថានទូតអាមេរិក ប៉ុន្តែស្មារតីជាតិនិយមរបស់ជនជាតិខ្មែរ ខ្ពស់ណាស់ មិនអាចទទួលការប្រមាថពីអ្នកណាទាំងអស់»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗដោយចោទសួរទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វ៉ាលីម ហឺត ថា តើការនិយាយរបស់លោក កឹម សុខា អំពីផែនការរៀបចំធ្វើបដិវត្តពណ៌ ពិត ឬមិនពិត? ហើយសម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតចេញមុខពន្យល់ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យបានច្បាស់លាស់។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបញ្ជាឲ្យកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវឲ្យបានហ្មត់ចត់លើជនជាតិអាមេរិកទាំងឡាយ ដែលរស់នៅលើទឹកដីកម្ពុជា ហើយសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មនៅកម្ពុជា មុន និងក្រោយឆ្នាំ២០១៣។

សូមជម្រាបថា ក្រោយពេលដែលកម្លាំងសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) ក៏ដូចជាការប្រកាសបិទកាសែត The Cambodia Daily ដែលមិនបង់ពន្ធជូនរដ្ឋ និងអង្គការ NDI ដែលធ្វើសកម្មភាពនៅកម្ពុជាតាមតែអំពើចិត្តមកនោះ សហរដ្ឋអាមេរិក បានចាប់ផ្ដើមវាយប្រហារផ្ទួនៗមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានចោទប្រកាន់ថា កម្ពុជាកំពុងបំផ្លាញប្រជាធិបតេយ្យ រិតត្បិតសិទ្ធិ និងសេរីក្នុងការបញ្ចេញមតិ ខណៈមហាអំណាចប្រជាធិបតេយ្យក្លែងក្លាយមួយនេះមិនបានគិតទេថា ពួកគេធ្លាប់បានបំផ្លាញមាតុភូមិកម្ពុជាដ៏កំសត់មួយនេះ កាលពីអតីតកាលសោះឡើយ៕