(កំពង់ឆ្នាំង)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ នគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើបាឋកថា ជូនសិក្ខាកាម សិស្សនាយ-នាយរងនគរបាល ចំនួន១៤៨នាក់ (ស្រី៣៤នាក់) នៅសាលានគរបាលជាតិភូមិភាគ៦ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

ប្រធានបទដែលលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ធ្វើបាឋកថាជូនសិក្ខាកាមរួមមាន៖

*លទ្ធផលនៃការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក
* សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍
* ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
* យន្តការនៃការអនុវត្តច្បាប់
* ក្បូននីតិវិធីរបស់នគរបាលយុត្តិធម៌ សម្រាប់មន្រ្តីនគរបាលចរាចរណ៍
* នីតិវិធីនៃការការពារទីកន្លែងកើតហេតុ និងប្រមូលភស្តុតាង
* នីតិវិធីនៃការកសាងសំណុំរឿង បញ្ជូនទៅតុលាការសម្រាប់ ករណីគ្រោះថ្នាក់ចរាចរណ៍,
* វិន័យកងកម្លាំង

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានណែនាំ មន្ត្រីនគរបាលជាសិក្ខាកាម សិស្សនាយនាយរងនគរបាល ទាំងអស់ គោរពវិន័យកងកម្លាំង និងយកចំណេះដឹងដែលបានពីការរៀនសូត្រ ទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ដោយប្រកាន់ ខ្ជាប់ភាពយុត្តិធម៌ មិនសម្អៀង ពិសេសក្នុងការដោះស្រាយគ្រោះថ្នាក់៕