(ភ្នំពេញ)៖ កិត្តិសេដ្ឋា​បណ្ឌិត​ គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បានអញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធីចែករង្វាន់ដល់សិស្សានុសិស្សនៃ​វិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួនចំនួន ១០១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ និទ្ទេស A ,B ,C ,D និង E ក្នុងសម័យប្រលង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ កន្លងមក។

ក្នុង​ពិធីនេះ​ មាន​វត្តមាន​លោក​ស្រី ស៊ុន សាភឿន តំណាង​រាស្ត្រ​មណ្ឌល​ក្រចេះ, លោក ឆាន់ សាផាន រដ្ឋលេខាធិការ​​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់​និងជា​ប្រធានគណៈកម្មាធិការគ្រប់គ្រងមូលនិធិ​សិលាវេទី, លោក ងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និ​ងហិរញ្ញវត្ថុ, លោក កែន សម្បត្តិ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ, លោក សរ ចំរុង អភិបាល​នៃ​គណៈអភិបាល​ខេត្ត​​ក្រចេះ​, គណៈអភិបាលខេត្តក្រចេះ, ថ្នាក់ដឹកនាំមន្ទីរនានា, ថ្នាក់ដឹកនាំវិទ្យាល័យសិលាវេទី គាត ឈន់, លោក-លោកស្រីសាស្ត្រាចារ្យ, មាតាបិតាសិស្សានុសិស្ស, សិស្សានុសិស្ស, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធសរុប ៤៥០ នាក់។ ​

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានមត្តេយសិក្សារដ្ឋចំនួន៧៤កន្លែង សាលាបឋមសិក្សាសរុបចំនួន២៧២កន្លែង អនុវិទ្យាល័យមានចំនួន៤១កន្លែង និងវិទ្យាល័យមាន១០កន្លែង។ ជាមួយគ្នានេះ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន៣មណ្ឌល មានបន្ទប់ប្រឡងចំនួន៧០បន្ទប់ មានបេក្ខជនក្នុងបញ្ជីសរុបចំនួន១៧៦៩នាក់ ស្រី៨៧៧នាក់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន១៧២០នាក់ ស្រី៨៦០នាក់ ប្រឡងជាប់ចំនួន៧៦៩នាក់ ស្រី៤៤៣នាក់។ ដោយឡែកសិស្សនៅវិទ្យាល័យសិលាវេទី គាត ឈន់ មានបេក្ខជនមកប្រឡងចំនួន២០៩នាក់ ស្រី១១១នាក់ ប្រឡងជាប់ចំនួន១០១នាក់ ស្រី៦០នាក់ និទ្ទេសA ២នាក់ ស្រី១នាក់ និទ្ទេសB១០នាក់ ស្រី៦នាក់ និទ្ទេសC៧នាក់ ស្រី៤នាក់ និទ្ទេសD១៦នាក់ ស្រី១០នាក់ និងនិទ្ទេសE៦៦នាក់ ស្រី៣៩នាក់។

តាង​នាម​ឱ្យ​គណៈកម្មាធិការគ្រប់គ្រងមូលនិធិ​សិលាវេទី កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បាន​សំដែង​នូវ​ក្តីរីករាយ និងអបអរសាទរ ចំពោះលទ្ធផលនៃការប្រឡងរបស់សិស្សានុសិស្សនៃវិទ្យាល័យ​ សិលាវេទី គាត ឈន់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ ហើយ​បាន​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដែល​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​ជាកិត្តិយស​សម្រាប់​សិស្សានុសិស្ស​ និង​លោក​-លោកស្រី​សាស្ត្រាចារ្យ​នៃ​វិទ្យាល័យ​ សិលាវេទី គាត ឈន់​។

ជាមួយគ្នា​នេះ កិត្តិសេដ្ឋាបណ្ឌិត ក៏​បាន​សម្តែងនូវ​អំណរគុណ​ចំពោះ លោក ឆាន់ សាផាន ដែល​បាន​រៀបចំ​កម្មវិធី​ដ៏​អធិក​អធម ​ដើម្បី​ចែក​រង្វាន់ និង​​លើក​ទឹក​ចិត្ត​ដល់​ជ័យលាភី​នៅ​ពេល​នេះ ដែល​មូលនិធិ​នេះ​ត្រូវ​បាន​រួម​បង្កើត​ឡើង​ដោយ កិត្តិសេដ្ឋាបណ្ឌិត​​ផ្ទាល់ ដែល​កាលណោះ​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មាន​ការ​ចូលរួមគំាំទ្រ​របស់​លោក​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា, លោក ឆាន់ សាផាន ។
វិទ្យាល័យ​សិលាវេទី គាត ឈន់ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០០៣ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន ។

ក្នុងឱកាសនេះ កិត្តិសេដ្ឋាបណ្ឌិត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យ​អប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត ។

 កិត្តិសេដ្ឋាបណ្ឌិត បន្ដថា ការសាងសង់វិទ្យាល័យបាន ដោយសារសុខសន្តិភាព និងការអភិវឌ្ឍន៍ ទាំងលើផ្នែករឹង និងផ្នែកទន់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលបានសម្រួលដល់ការដឹកជញ្ជូនពីភ្នំពេញមមកដល់ទីនេះ។ សន្តិភាព និងការផ្លាស់ប្តូរជាគុណភាពសម្រាប់កម្ពុជានេះ បានមកដោយសារការដឹកនាំដ៏វៃឈ្លាស ប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងដឹកនាំអនុវត្តដោយផ្ទាល់ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ នូវនយោបាយ ឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ ដោយបានកម្ទេចចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍។ មិនតែប៉ុណ្តោះសម្តេចបានសម្រេចនូវមហាជោគជ័យ ដោយធ្វើឲ្យប្រទេសកម្ពុជា ដែលធ្លាប់ជាសមរភូមិប្រយុទ្ធហើយបានខ្ទេចខ្ទាំដោយសារសង្រ្គាម មកជាប្រទេសមានសន្តិភាពពេញលេញ ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងបន្តរក្សាបានទាំងស្រុងនូវអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថិរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។

កិត្តិសេដ្ឋាបណ្ឌិត បាន​សំដែង​នូវ​អំណរសាទរ និង​មូលវិចារណ៍​ដ៏​ថ្លៃថ្លា​ ដែល​សិស្សានុសិស្សនៃ​វិទ្យាល័យ​សិលាវេទី គាត ឈន់ ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​លោកស្រីសាស្ត្រាចារ្យ មាតាបិតា និង​សិស្សានុសិស្ស​ផ្ទាល់។ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ក៏បាន​ចែក​រំលែក​បទពិសោធន៍សិក្សា​ ផ្តាំផ្ញើរ​ដល់​សិស្សានុសិស្ស​ថា៖

*ដើម្បី​ទទួល​បាន​ជោគជ័យ ​សម្រាប់​ការ​សិក្សា​ សិស្សានុសិស្ស និង​និស្សិត​ត្រូវ​ចេះ​ផ្សាំ​ខ្លួន​ទៅ​នឹង​បរិស្ថាន​ដែល​ខ្លួ​ន​រស់​នៅ ជាមួយគ្នា​នេះ ចំពោះ​សិស្សានុសិស្ស ​ដែល​ចូលចិត្ត​កសិកម្ម កសិ-ឧស្សាហកម្ម សូម​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្រចេះ ដើម្បី​សិក្សា​ពីមូលដ្ឋាន ដែល​សាកលវិទ្យាល័យ​ក្រចេះ​ក៏​មាន​​វិទ្យាស្ថានមច្ឆវិទ្យា ដែល​សិក្សា​ស្រាវជ្រាវ​អំពី​ត្រី ហើយ​បច្ចុប្បន្ន​​កំពុង​​ចរចារ​ជាមួយ​ភាគីចិន​ ដើម្បី​​បង្កើតជា​ធនាគា​រ​សែនេទិក សម្រាប់​ផ្នែក​មច្ឆវិទ្យានេះ​​។

នៅក្នុងឱកាសនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានអញ្ជើញចែកជូននូវអំណោយអនុស្សាវរីយ៍របស់​មូលនិធិ​សិលាវេទី​ ជូនដល់លោក-លោកស្រីសាស្ត្រាចារ្យ ចំនួន៤៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០០ដុល្លារអាមេរិក និងព្រមទាំងបានអញ្ជើញចែករង្វាន់ដល់សិស្សានុសិស្សវិទ្យាល័យ សិលាវេទី គាត ឈន់ ចំនួន១០១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ និទ្ទេស A ,B ,C ,D និង E ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសA ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា១,០០០ដុល្លារ សិស្សនិទ្ទេស Bចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា៥០០ដុល្លារ សិស្សនិទ្ទេសC ចំនួន៧នាក់ ក្នុងម្នាក់ៗថវិកា៣០០ដុល្លារ សិស្សនិទ្ទេសD ចំនួន១៦នាក់ ក្នុងម្នាក់ៗថវិកា២០០ដុល្លារ និងសិស្ស ប្រឡងជាប់និទ្ទេសE ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារអាមេរិក។ដោយឡែក វិទ្យាល័យ សិលាវេទី គាត ឈន់ និងអនុវិទ្យាល័យទាំង៧ ក្នុងមួយសាលាៗទទួលបានថវិកា២០០ដុល្លា សរុបថវិកា ចំណាយទាំងអស់ មានចំនួន៣ម៉ឺនដុល្លារ៕