(បាត់ដំបង)៖ ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ទំនិញមួយចំនួន ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលបងប្អូនអាជីវករអ្នកលក់ដូរមួយចំនួន តែងឆក់ឱកាស​​ពិធីបុណ្យទានផ្សេងៗនោះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូល ខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានបង្រ្កាបការនាំទំនិញខូចគុណភាព ដែលជនខិលខូចលួចនាំចូលពីប្រទេសថៃ ហើយអាជីវករបានដាក់តាំងលក់តាមតូបរបស់ខ្លួននៅក្នុងផ្សារបឹងឈូក ជុំវិញផ្ទះល្វែងនានាក្នុងក្រុងបាត់ដំបង បានរកឃើញមានទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ មានដាក់លាយសារធាតុគីមីហាមឃាត់ចម្រុះចំនួនជាង៨០គីឡូក្រាម បានរឹបអូសយកមករក្សាទុកដើម្បីដុតកម្ទេចចោល ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ។

លោក ហាក់ សុខរិន បានបន្តថា កន្លងមកលោកតែងបានចាត់ឲ្យមន្រ្តីជំនាញ ដែលឈរជើងប្រចាំការតាមគោលដៅរៀងៗខ្លួន ពិសេសនៅតាមច្រក ព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីខេត្តបាត់ដំបង តែងបានតាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់នូវការនាំចូលទំនិញពាក់ព័ន្ធទៅនឹងចំណីអាហារ ខូចគុណភាពមិន ឲ្យហូរចូលលក់ក្នុងទីផ្សារនានាបានឡើយព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់តាមផ្សារ និងអ្នកប្រើប្រាស់ជាប្រចាំផង។

លោកប្រធានបានអំពាវនាវដល់អាជីវករ ជាអ្នកនាំចូលទំនិញខូចគុណភាពមេត្តាបញ្ឈប់នាំចូលទៀតទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បី សុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាពដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នាដូច្នេះយើងប្តេជ្ញាទាំងអស់ គ្នាថាចូលរួមទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពមិន ឲ្យមានលក់នៅលើទីផ្សារជាដាច់ខាត៕