(ព្រះវិហារ)៖ កងទ័ពខ្មែរដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមទល់ដែន បានប្រកាសគាំទ្រពេញទំហឹង និងអនុវត្តន៍ពេញទំហឹងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកម្ចាត់បរទេសទាំងឡាយ ដែលប៉ុនប៉ងឈ្លានពានប្រទេសកម្ពុជា។ ក្រុមកងទ័ពទល់ដែន ក៏បានប្តេជ្ញាកម្ទេចរាល់ជនទាំងឡាយ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពនៅតាមទល់ដែន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែល Fresh News ទទួលបាននៅថ្ងៃរៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ពនៅតាមព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សូមគាំទ្រទាំងស្រុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេដឹកនាំដែលបានស្រោចស្រង់ប្រទេសកម្ពុជាចេញពីភ្លើងសង្រ្គាម ដោយត្រូវរួបរួមគ្នាជាធ្លុង ដើម្បីកម្ចាត់ពួកបរទេសឈ្លានពាន»។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា «ពួកយើងខ្ញុំនឹងលើកកម្ពស់ស្មារតីជាតិនិយម សូមប្តេជ្ញាដាច់ខាតកម្ទេចចោលរាល់ការព្យាយាមផ្តួលរំលំកម្ពុជាតាមបដិវត្ដន៍ពណ៌ មិនអនុញ្ញាតឲ្យបរទេសណារំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាបានឡើយ ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។

សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈទី១ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមគ្នាស្រឡាញ់ជាតិ ស្រឡាញ់មាតុភូមិ ហើយត្រូវប្រឆាំងដាច់ខាតរាល់បរទេសទាំងឡាយដែលឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា៕