(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បានអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រ ភ្នាក់ងារសេវាកម្មពន្ធដារជំនាន់ទី៦ និងជំនាន់ទី៧ ចំនួន២១៣រូប ដែលបានប្រឡងជាប់ស្ថាពរ នូវវគ្គបណ្តុះបណ្តាល ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ។

ក្នុងឱកាសនោះ លោក គង់ វិបុល បានសម្ដែងកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានរបស់ អ្នកចូលរួមទាំងអស់ដែលបានចំណាយ ពេលវេលាមកចូលរួមក្នុងពិធីនេះ និងសូមសម្ដែងការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះបេក្ខជន-បេក្ខនារីជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់សិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ។

លោកបន្តថា ការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ តែងតែរៀបចំឡើងចំនួនពីរដងក្នុងមួយឆ្នាំ សម្រាប់សិក្ខាកាមដែលទទួល ការបណ្តុះបណ្តាល នៅសាលាជាតិពន្ធដារ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ក្លាយ ជាភ្នាក់ងារសេវាកម្មពន្ធដារ។ កន្លងមក សាលាជាតិពន្ធដារ បានរៀបចំការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ បានចំនួន៥លើករួចមកហើយ ដែលមានបេក្ខជនប្រឡងជាប់ សរុបចំនួន៧០២នាក់ ក្នុងនោះបេក្ខជនជ័យលាភីជំនាន់ទី៦ និងទី៧ មានចំនួនសរុប ២១៣នាក់ ដែលត្រូវមកទទួលវិញ្ញាបត្រនៅថ្ងៃនេះ។

លោក គង់ វិបុល បន្តថា បេក្ខជនជ័យលាភី ដែលនឹងក្លាយជាភ្នាក់ងារសេវាកម្មពន្ធដារ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអ្នកជាប់ពន្ធឲ្យគោរពប្រតិបត្តិច្បាប់ ស្តីពីសារពើពន្ធឲ្យបានត្រឹមត្រូវ និងជួយលើកកម្ពស់វប្បធម៌ នៃការបង់ពន្ធឲ្យកាន់តែល្អប្រសើរ។

លោកបន្ថែមថា ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាអ្នកផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកជាប់ពន្ធជាមួយ និងរដ្ឋបាលសារពើពន្ធពន្ធដារ ក្នុងការបំពេញបែបបទដាក់លិខិតប្រកាសបង់ពន្ធ-អាករគ្រប់ប្រភេទប្រចាំខែ-ប្រចាំឆ្នាំ ជួយរៀបចំនិងផ្តល់របាយការណ៍ និងលិខិតគតិយុត្តផ្សេងៗ របស់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារ ជូនរដ្ឋបាលសារពើពន្ធ និងជាដៃគូសហការល្អជាមួយ រដ្ឋបាលសារពើពន្ធក្នុងការពង្រីកនិងពង្រឹងការផ្តល់សេវា ការអប់រំដល់អ្នកជាប់ពន្ធ ធានាឱ្យបានការអនុវត្តច្បាប់ និងជួយទប់ស្កាត់សកម្មភាពគេចវេះពន្ធ ពោលគឺមិនត្រូវឃុបឃិតជាមួយអ្នកជាប់ពន្ធដើម្បីគេចវេះពន្ធ ឬជួយអ្នកជាប់ពន្ធដើម្បីស្វែងរកអន្តរាគមន៍តាមគ្រប់រូបភាពនោះទេ។

អគ្គនាយករូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះជ័យលាភី ដែលទទួលបានវិញ្ញាបនបត្រ ភ្នាក់ងារសេវាកម្មពន្ធដារ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ បន្ថែមដល់ភ្នាក់ងារទាំងនោះ ឲ្យខិតខំពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ព្រមទាំងយកចំណេះដឹងនិងបទពិសោធន៍ល្អ‌ៗ ទៅផ្សព្វផ្សាយបន្តដល់អ្នកជាប់ពន្ធដទៃទៀត ដើម្បីលើកកម្ពស់វប្បធម៌នៃការបង់ពន្ធឲ្យកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួមចំណែកកែទម្រង់រដ្ឋបាលសារពើពន្ធឲ្យកាន់តែទទួលលទ្ធផលល្អប្រសើរ ដោយត្រូវពង្រឹងភាពស្អាតស្អំទាំងអស់គ្នា ដែលផ្តើមចេញពីភ្នាក់ងារសេវាកម្មពន្ធដារនេះផ្ទាល់តែម្តង៕