(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៤២៤កន្លែង ដល់សិស្សនិទ្ទេស A ក្នុងការប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧នេះ និងអាហារូបករណ៍លើកទឹកចិត្តជាច្រើនកន្លែងទៀត ដោយចាប់ទទួលពាក្យ ចុះឈ្មោះចូលរៀនពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៤២៤នាក់ សាកលវិទ្យាល័យនឹងត្រូវផ្តល់ជូនការហារូបករណ៍ រយៈពេល៤ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ អាហារូបករណ៍នីមួយៗ រួមបញ្ចូលទាំងថ្លៃសិក្សាសម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេស ដែលជាកម្មវិធីសិក្សាភាសាអង់គ្លេសបំប៉ន់បន្ថែម ដើម្បីឲ្យនិស្សិតត្រៀមចូលសិក្សាកម្មវិធីបរិញ្ញាបត្រជាភាសាអង់គ្លេសក៏ដូចជាថ្លៃសិក្សាទូទៅ និងកម្មវិធីសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រផងដែរ។

ការផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់សាកលវិទ្យាល័យកម្ពុជា ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកជា គោលនយោបាយអាទិភាពទីមួយ សម្រាប់ប្រទេសជាតិ ហើយពួកគេនឹងមិនត្រឹមតែចូលរួមចំណែកការអភិវឌ្ឍន៍ ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការធ្វើសមាហរណកម្មរបស់កម្ពុជា ក្នុងសហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិទៀតផង។

សូមជម្រាបថា សាកលវិទ្យាល័យកម្ពុជា ជាសាកលវិទ្យាល័យឯកជនឈានមុខ១ ដែលផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ គ្រប់មហាវិទ្យាល័យ និងសាលាទាំងអស់ របស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)៕