(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៃសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះជួប និងស្វែងយល់ដោយផ្ទាល់ ក្នុងការបំពេញការងាររបស់កម្មករ-កម្មការិនីកាត់ដេរ តាមរយៈរោងចក្រនានា នៃសួនឧស្សាហកម្មវឌ្ឍនៈ១។

ក្នុងឱកាសចុះសំណេះសំណាល និងស្វែងយល់ដោយអំពីការបំពេញការងារនោះដែរ ក៏ចំពេលវេលាដែលកម្មករ-កម្មការិនី ឈប់សម្រាក ដើម្បីទទួលទានអាហារពេលថ្ងៃត្រង់ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមពិសាអាហារពេលថ្ងៃត្រង់ជាមួយកម្មករ កម្មការិនី ប្រកបដោយក្តីរីករាយ និងជិតស្និទ្ធបំផុត។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោ ហ៊ុន សែន ចុះជួបកម្មករហើយ ទទួលទានអាហារជាមួយកម្មករនោះ ពោលកាលពេលថ្មីៗកន្លងទៅ សម្តេចតេជោ ក៏បានពិសាអាហារជាមួយកម្មករ-កម្មការិនីផងដែរ៕