(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាលាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចែកជូនដល់គ្រួសារភ្លើងឆេះ និងគ្រួសារនៃសពជួបគ្រោះថ្នាក់ចរាចរ បាត់បង់អាយុជីវិត នៅភូមិថ្មសមលៀង ឃុំក្រយា ស្រុកសន្ទុក ខេយត្តកំពង់ធំ។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់រាល់សុខទុករបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យតែកន្លែងណាជួបការលំបាក ទីនោះតែងតែមានកាកបាទក្រហម និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាជានិច្ច ដោយមិនប្រាកន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បរ ប្រពៃណីនោះឡើយ។

លោកស្រីអភិបាលរងខេត្ត បានបន្តថា ជាក់ស្តែងក្នុងពេលនេះ ក្រុមគ្រួសារភ្លើងឆេះ និងគ្រួសារនៃសព ត្រូវបានយកចិត្តទុកដាក់ពីសាខាកាកបាទ ក្រហមកម្ពុជា បាននាំអំណោយមកចែកជូនដើម្បី ជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការលំបាក របស់ក្រុមគ្រួសារដែលរងគ្រោះទាំងអស់នេះ និងសូមចូលរួមសោកស្តាយចំពោះប្អូនស្រីទំាងពីរ ដែលបានជួបគ្រោះថ្នាក់ចរាចរ បាត់បង់អាយុជីវិតព្រោះគ្រោះថ្នាក់ចរាចរយើងមិនអាចដឹងទុក មុនបានទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទំាងអស់ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជាពិសេស ចេះការពារសុវត្ថិភាពដោយខ្លួនឯង និងបាននាំយកមកជាមួយនូវ អង្ករ១០០គីឡូក្រាម និងថវិកាចំនួន៤០ម៉ឺនរៀល ដើម្បីចូលរួមបុណ្យសពផងដែរ។

បន្ទាប់មកលោកស្រីអភិបាលរងខេត្ត និងក្រុមការងារ បានបន្តទៅដល់លំនៅដ្ឋានប្អូនស្រីឈ្មោះ ឡូញ ស្រីលាប ដែល អាយុ១៩ឆ្នាំ ដែលរងរបួសស្រាល ក្នុងហេតុកាជួបគ្រោះថ្នាក់ចរាចរនេះដែរនូវថវិកាចំនួន៣០ម៉ឺនរៀលផងដែរ៕