(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយ ​អំពាវនាវឲ្យបញ្ឈប់សារអុជអាល ដែលនាំដល់សង្គ្រាមពាក្យសម្ដី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។ 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងរយៈពេលវេលានេះ សកម្មជននយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ​កម្ពុជា បានបញ្ចេញសារជាបន្តបន្ទាប់ដោយមានភ្ជាប់រូបភាព សេចក្តីថ្លែងការណ៍ ព្រមទាំងសេចក្តីជូនដំណឹង ប្រកាសអំពីវិធានការសន្តិសុខនិងសម្តែងការព្រួយបារម្ភអំពី «សង្គ្រាមពាក្យសម្តី» ជាដើម។

សេចក្ដីថ្លែងការណ៍ដដែលនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់សកម្មជននយោបាយ អង្គការសង្គមស៊ីវិល អ្នកការទូត ប្រព័ន្ធផ្សព្វផ្សាយ ឲ្យមានការអត់ធ្មត់ និងពិចារណាប្រកបដោយមនសិការខ្ពស់ និងប្រុងប្រយ័ត្ន រាល់ការបញ្ចេញទស្សនៈ ការបញ្ចេញសាររូបភាពដែលធ្វើឲ្យមានការយល់ខុសលើអត្ថន័យវប្បធម៌។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បញ្ជាក់ដូច្នេះថា «​យើងសូមអំពាវនាវឲ្យបញ្ឈប់ការធ្វើសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារប្រាស់ចាកពី សភាពការណ៍ពិតបច្ចុប្បន្ន ដែលបង្កើតឲ្យមានការយល់ច្រឡំ ហើយបង្កឲ្យមានសង្គ្រាមពាក្យសម្តី។ យើងត្រូវរួមគ្នាប្រើប្រាស់សិទ្ធិសេរីភាព របស់យើងប្រកបដោយសីលធម៌ថ្លៃថ្នូរ និងទទួលខុសត្រូវ បង្ហាញពីភាពនឹងន និងភាពចាស់ទុំខាងប្រជាធិបតេយ្យ។ ប្រជាជនកម្ពុជាសម័យនេះ គឺពិតជាមានសមត្ថភាពទទួលយកវប្បធម៌ នៃការជជែកពិភាក្សាគ្នាដោយថ្លៃថ្នូរ ដោយការគោរពតម្លៃ និងផលប្រយោជន៍គ្នាទៅវិញទៅមក។ ប្រជាជនកម្ពុជាសម័យនេះ គឺជាពលរដ្ឋសន្តិភាពនិយម និងខិតខំស្វះស្វែងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាពគ្រប់ទិសទី។ សូមកុំបង្កើតសត្រូវឲ្យប្រជាជនកម្ពុជា»

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ទាំងស្រុងនៅខាងក្រោមនេះ៖