(បាត់ដំបង)៖ លោកបណ្ឌិត​ រស់​ វណ្ណា​ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកភ្នាក់ងារ កម្ពុជា នាវាចរ «កាំសាប» នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូស​ម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន គ្រួសារកងទ័ព នៅកងការពារព្រំដែនគោកលេខ​ ៥០២ ចំណុះភូមិភាគ​៥។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពី​ លោកឧត្តមសេនីយ៍ទោល​ ស​ គឹមប៉ាក់​ មេបញ្ជាការរងភូមិភាគ​៥ តំណាងលោកឧត្តមសេនីយ៍ឯក​ ប៊ុន​ សេង មេបញ្ចាការរងកងទ័ពជើងគោក​ និងជាមេបញ្ជាការភូមិភាគ​៥​ និង​ នាយសេនាធិកា​នាយសេនាធិការរងភូមិភាគលេខ​ ៥ មេបញ្ជាការកងការពារព្រំដែនគោកលេខ​ ៥០២​ និងអភិបាលស្រុកសំទ្បូតផងដែរ។

ក្រោយអានរបាយការណ៌ស្វាគមន៍​ និងថ្លែងអំណរគុណ របស់កងការពារព្រំដែនគោកលេខ៥០២រួចមក លោកបណ្ឌិត រស់ វណ្ណា បានលើកពីការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលដោយស្របតាមអនុសាសន៍​ និងពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ​ នឹងផ្សាភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ»​ និងបានបកស្រាយពីស្ថានភាពនយោបាយបច្ចុប្បន្ន នយោបាយភូតកុហករបស់គណបក្សប្រឆាំង។

ជាមួយគ្នានេះ លោកបណ្ឌិត រស់ វណ្ណា រួមនឹងស​ម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា បានឧបត្ថម្ភសំភារៈ រួមមាន៖ អង្ករ ស្បៀងអាហារ សំភារៈគ្រឿងសំណង់ ម៉ាស៊ីនគោយន្ត​ ម៉ាស៊ីនព្រីនធ័រ​ ទូរស័ព្ទ អាយកូម​ ព្រមទាំងថវិកាចំនួន​ ​៤០,០០០​រៀល​ ក្នុងមួយម្នាក់ដល់នាយទាហាន​ និងពលទាហានចំនួន​ ៣០០​នាក់ ក្នុងកងការពារព្រំដែនគោកលេខ​ ៥០២​ និងឧបត្ថម្ភអង្គពិធី​ ១,០០០,០០០​ លានរៀល សរុបរួមជាទឹកប្រាក់ប្រមាណ​ ៨៥,៨៨៤,០០០​ រៀល៕