(កំពត)៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានលើកឡើងពីបញ្ហាប្រឈមនានា ជុំវិញករណីដាក់អ្នកទោសលើសចំណុះ ក្នុងពន្ធនាគារខេត្តកំពត បន្ទាប់ពីបញ្ចប់យុទ្ធនាការបង្រ្កាបគ្រឿងញៀន ខុសច្បាប់លើកទី១ យ៉ាងក្តៅគគុកកន្លងមកនេះដោយសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យបានជាច្រើន ជាពិសេសអ្នកទោសគ្រឿងញៀន បានដាក់ឃុំខ្លួនក្នុងពន្ធនាគារ​ខេត្តកំពតប្រមាណ៧០០នាក់ ខណៈដែលពន្ធនាគារ អាចផ្ទុកអ្នកទោសត្រឹមតែ៥០០នាក់បុណ្ណោះ។

លោកព្រះរាជអាជ្ញា ឯក ឆេងហួត ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយលោកប្រធាន ប៉ែន បញ្ញា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាដំបូងខេត្តកំពត ដោយមានការចូលរួមពី​មន្ត្រីតុលាការខេត្តយ៉ាងច្រើនកោះករផងដែរ។

លោកព្រះរាជអាជ្ញា ឯក ឆេងហួ បានបន្តថា សក្តានុពលពន្ធនាគារខេត្តកំពត មានលទ្ធភាពដាក់អ្នកទោសយ៉ាងច្រើនបំផុត៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នចំនួនអ្នកទោសបានកើនឡើងដល់៧០០នាក់ ហើយថាការកើនឡើងនៃចំនួនអ្នកទោសនេះ ដោយសារតែយុទ្ធនាការបង្ក្រាបករណី គ្រឿងញៀនខុសច្បាប់លើកទី១ យ៉ាងសកម្ម និងផុលផុសពីសំណាក់សមត្ថកិច្ច ដែលមានការសហការគ្នាជាមួយស្ថាប័នពាក់ពន្ធនានា និងមហាជនបានល្អ ប្រសិនបើមិនមានការតាក់តែងច្បាប់កំណត់ អំពីទំហំទម្ងន់ទោសទាក់ទងជាមួយនឹងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនឲ្យបានច្បាស់ លាស់ទេនោះខេត្តកំពត ពិតជាគ្មានពន្ធនាគារសម្រាប់ដាក់អ្នកទោសអស់ឡើយ នេះដោយសារពីមួយថ្ងៃទៅមួយថ្ងៃ បទល្មើសភាគច្រើនទាក់ទង់ទៅ នឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនហើយតុលាចាត់វិធានការតាមច្បាប់ នៃការបង្ក្រាបរបស់កម្លាំសមត្ថកិច្ចជំនាញទៅតាមមុខសញ្ញានិមួយៗ ដែលបានកត់សម្គាល់។

លោកព្រះរាជ្ញា បានបន្តយ៉ាងដូច្នេះថា ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ស្ថាប័នតុលាការគួរត្រូវមានវេជ្ជបណ្ឌិតមួយរូបសម្រាប់ធ្វើកោសលវិច្ច័យ វិនិច្ឆ័យអំពីកម្រិតសារធាតុញៀន នៅក្នុងឈាមព្រោះការពិនិត្យតែត្រឹមទឹកនោមមិនគ្រប់គ្រាន់សម្រាប់វាយតម្លៃ ឬធ្វើការសម្រេចដាក់ទោសទណ្ឌ ដល់ជនសង្ស័យឲ្យសមរម្យឡើយ។ ជាងនេះទៅទៀតនៅតាម ខេត្តនិមួយៗ គួរតែមានមជ្ឈមណ្ឌលកែប្រែ និងស្តានីតិសម្បទាសម្រាប់អ្នកប្រើប្រាស់ គ្រឿងញៀនណាដែលអាចស្តារ ឬផ្តាច់ការប្រើប្រាស់គ្រឿងញៀនបាន មិនមែនឲ្យតែអ្នកញៀនត្រូវតែដាក់ពន្ធនាគារទាំងអស់នោះទេជាពិសេស ចំពោះអានីតិជន និងស្ត្រីជាម្តាយ។

នៅក្នុងកិច្ចពិភាក្សានោះដែរ លោកព្រះរាជអាជ្ញា ក៏បានស្នើសុំដល់មន្ត្រីជំនាញធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត អត្រានុកូលដ្ឋាន ត្រូវយកចិត្តទុកដាក់នឹងផ្ទៀងផ្ទាត់ ទិន្នន័យ អក្ខរាវីរុទ្ធឲ្យបានត្រឹមត្រូវ ឲ្យបានគ្រប់ជ្រុងជ្រោយកុំឲ្យមានកំហុសព្រោះវាជាបន្ទុក របស់តុលាការក្នុងការកែតម្រូវហើយត្រូវចំណាយពេលយូរ បើអនុលោមទៅតាមនិតិវិធីច្បាប់ហើយកត្តានេះធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបររកស៊ី ទទួលទានរបស់ពលរដ្ឋខាតពេលវេលា៕