(ភ្នំពេញ)៖ នៅវេលា​ម៉ោង០៩៖០០ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក William Heidt នឹងធ្វើពិធីស្បថជូនដល់ជនជាតិអាមេរិកចំនួន៧១នាក់ ដែលជាសមាជិកថ្មីនៃក្រុមអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា ទី១១ ដែលពិធីនេះ នឹងធ្វើឡើងនៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ។

ពិធីស្បថរបស់ក្រុមថ្មីបំផុត នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយ នឹងការប្រារព្ធខួបលើកទី១១ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន២នាក់ នៃទីភ្នាក់ងារ Peace Corps នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្រោយពិធីស្បថ។

គិតតាំងពីឆ្នាំ ២០០៦ មកមានអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួនជាង ៥០០នាក់ហើយ ដែលបានមកធ្វើការនៅប្រទេសកម្ពុជា ដោយពួកគេបានបង្រៀនភាសាអង់គ្លេស និង បណ្តុះបណ្តាលគ្រូ និងធ្វើការអប់រំសុខភាពតាមសហគមន៍។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក៕

ខាងក្រោមនេះជាសេចក្តីប្រកាស របស់ស្ថានទូតអាមេរិក៖