(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ការវិនិយោគរបស់ចិន នៅកម្ពុជាមានទឹកប្រាក់ រហូតដល់១៦.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ CDC ស្តីពីវេទិកាកម្ពុជា-ចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ ដែលរៀបចំឡើង នៅសណ្ឋាគារ Nanning Wanda Wenhua ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានលើកឡើងថា «គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៦.២ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន១១០ មានទុនវិនិយោគសរុបចំនួនប្រមាណ ៣១០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៦,១៨០កន្លែង»

ថ្លែងក្នុងវេទិកាកម្ពុជា-ចិនស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការ CDC បានបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនេះ នឹងផ្តល់ឱកាសបន្ថែមទៀត ក្នុងការពិភាក្សាស្វែងយល់ពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិត បន្ទាប់ពីវេទិកាស្ដីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១ ដែលរៀបចំឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក សុខ ចិន្តាសោភា បញ្ជាក់បន្ថែមថា ផ្អែកលើមិត្តភាពដ៏ប្រពៃណី រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់កម្រិតកំពូលមួយ គឺ «កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ដែលនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាដល់ការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ឱ្យទទួលបានជោគជ័យ។

លោក សុខ ចិន្តាសោភា ជឿជាក់ថាអង្គវេទិកានេះ នឹងផ្តល់ធាតុចូលបន្ថែមទៀត ដល់ការចូលរួមពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការ របស់ប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផល ដូចដែលបានគ្រោងទុក។

លោក នីង ជីចឹ (Ning Jizhe) អនុប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍និងកំណែទម្រង់ចិន ក៏បានរំលេច និងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាម រយៈការប្រើប្រាស់យន្តការសម្របសម្រួល, កិច្ចសន្ទនាទ្វេភាគី, ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា, និងការពិភាក្សាលើវិស័យគន្លឹះ និងគម្រោងអាទិភាពនានា ដើម្បីដោះស្រាយបញ្ហាប្រឈម ចំពោះគម្រោងវិនិយោគ ដែលកំពុងមានសកម្មភាពនៅប្រទេសកម្ពុជា។

លោកសង្ឃឹមថា វេទិកានាថ្ងៃនេះនឹងចូលរួមចំណែកដល់ការជំរុញល្បឿន កិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្ម រវាងប្រទេសទាំងពីរ ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិនៃផែនការ ៥ឆ្នាំ លើកទី១៣ របស់រដ្ឋាភិបាលចិន៕