(ភ្នំពេញ)៖ ភាពយន្តភាគរឿង «មន្តស្នេហ៍លេខា» ដែលទស្សនិកជនបានទស្សនា​រួចមកហើយ តាមរយៈកញ្ចក់ទូរទស្សន៍ PNN ត្រូវបានផលិតកម្ម មហាហង្ស សម្រេចកាត់យកឈុតឆាក​ពិសេសៗ ជាច្រើន ដើម្បីយកមកចាក់បញ្ចាំង តាមបណ្ដារោងភាពយន្ត ទំនើបៗឡើងវិញ ដោយបានធ្វើពិធីសម្ពោធ នាល្ងាចថ្ងៃទី១៣ ខែកញ្ញា នេះ ក្នុងនោះមានការអញ្ចើញចូលរួម ពីសំណាក់តារាសម្ដែងក្នុងរឿង​ជាច្រើននាក់ និង ផលិតករផងដែរ​។

​លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងប្រាប់​ឲ្យដឹងថា​ «​ភាពយន្តរឿង មន្តស្នេហ៍លេខា ជាប្រភេទរឿងបែបមនោសញ្ចេតនា​ ទាន់សម័យ មានលាយឡំនឹងឈុត​ស៊ីអារម្មណ៍ ស្នេហា ក្ដៅរោលរាល ផ្លាស់ប្ដូរសង្សារពីមួយទៅមួយ​ ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ ព្រឺព្រួចជាខ្លាំង​។ ក្រោយពីចាក់បញ្ចាំង​ នៅលើទូរទស្សន៍​ PNN រួចមក​ សង្កេតឃើញថា ទទួលបានការគាំទ្រច្រើន ពីមិត្តយុវវ័យ ដូច្នេះទើបផលិតកម្មមហាហង្ស សម្រេចយកខ្សែភាពយន្តនេះ មកចាក់បញ្ចាំងក្នុងទ្រង់ទ្រាយ​ខ្នាតធំ ដែលឈុតឆាក នៅក្នុងទូរទស្សន៍​មាន២១ភាគ។ ចំណែកការលើកយកបញ្ចាំង ក្នុងរោងកុនមានតែ១ម៉ោង៣០​នាទី ពោលគឺដកស្រង់យកឈុតណា ដែលសំខាន់ៗ ស្របទៅតាមចិត្តអ្នកទស្សនា តែប៉ុណ្ណោះ​»

លោកបន្តទៀតថា ទោះបីជារឿង «មន្តស្នេហ៍លេខា» មានឈុតរោលរាល ពីសំណាក់តួអង្គក្នុងរឿង​ក៏ពិតមែន ប៉ុន្តែរឿងនេះ បានឆ្លងកាត់ការ​ពិនិត្យត្រឹមត្រូវ ពីសំណាក់ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងបានឲ្យចាក់បញ្ចាំងជាថ្មី នៅតាមបណ្ដារោងភាពយន្តទំនើបនានា ដោយក្នុងនោះ ក្រសួងបានហាមក្មេងក្រោមអាយុ១៥ ឆ្នាំចូលទស្សនា។ លោកបន្តថា បន្ទាប់ពីមានការគាំទ្រខ្លាំង ហើយការបញ្ចាំង​ក្នុងស្ថានីយទូរទស្សន៍ ត្រូវបានកាត់ចេញខ្លះ ដូច្នេះការបញ្ចាំង​ក្នុងរោងភាពយន្ត គឺឈុតស្រើបស្រាល​ ដែលកាត់ចេញនោះ នឹងត្រូវបញ្ចូលមកវិញ ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានភាពទាក់ទាញខ្លាំង។

យ៉ាងណាក្ដី ការដាក់បញ្ចាំងនៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះ លោក អ៊ិន សុភិន បានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រច្រើន និងជោគជ័យដូចរឿងកន្លងមក ព្រោះតែផលិតកម្ម បានសហការជាមួយក្រុមហ៊ុន «ពូព្រហ្ម» ជាអ្នកចែកចាយភាពយន្ត សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលអាចឲ្យផលិតកម្ម​ មានភាពភាពកក់ក្ដៅ និងគ្រប់គ្រងចំណូល​បានល្អ។

​សូមបញ្ជាក់ថា ភាពយន្តរឿង «មន្តស្នេហ៍លេខា» នឹងត្រូវដាក់បញ្ចាំង​តាមបណ្ដារោងភាពយន្ត ទំនើបនានា ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ពោល​គឺចំពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈការបញ្ចាំងតាមស្ថានីយទូរទស្សន៍ ត្រូវបានបញ្ចាំងចប់ទៅហើយ៕