(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើការសំណេះសំណាល សិក្ខាកាមវគ្គបណ្តុះបណ្តាល នាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបន្ដតម្លៃអញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំរាយ។

ក្នុងឱកាស​នោះ ក៏មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយកសាលា និងនាយទាហាន ជាច្រើនរូបផងដែរ។

​នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់អង្គពិធីអំពីប្រវត្តិ នៃការបង្កើតមជ្ឈមណ្ឌលកងរាជអាវុធហត្ថ​ ចាប់ពីដំណាក់កាលដំបូង ការសិក្សាអំពីភូមិសាស្ត្រ ទីតាំង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែកមជ្ឈមណ្ឌលកងរាជអាវុធហត្ថ​នេះ គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងគ្រប់ជំនាញ ជាពិសេសត្រៀមសម្រាប់ ការប្រកួតកីឡាបាញ់កាំភ្លើង​ទ័ពជើកគោកអាស៊ាននាពេលខាងមុខ ហើយលោកបានធ្វើការផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ។

ក្នុងឱកាសនោះ ​មេបញ្ជាការរូបនេះ បានឧបត្ថម្ភថវិកាជូនដល់នាយទាហាន នាយទាហានរង ដែលជានាយក នាយករង និងបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌល ព្រមទាំងសិក្ខាកាមសរុប ប្រមាណ​៤០០នាក់ ក្នុងម្នាក់បានចំនួន៥០,០០០រៀល៕