(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ដកណ្ដាល ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង៤,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ គ្រីស្ដាល់ម៉ាទីន ក្នុងតំបន់ 7NG ខេត្ដកណ្ដាល ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ ដោយមិនយកកម្រៃនោះទេ ហើយនេះក៏ជាយុទ្ធនាការ ដែលយើងបានដាក់ចេញកន្លងមកនេះ ដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ»។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បន្ដថា សម្រាប់ការចុះពិនិត្យព្យាបាលជំងឺ ជូនកម្មករកម្មការិនី នៅរោងចក្រសម្លៀកបំពាក់ គ្រីស្ដាល់ម៉ាទីន ក្នុងខេត្ដកណ្ដាលនេះ ជាយុទ្ធនាការ ជាលើកទី៣ហើយ លើកទី១នៅខេត្ដកំពង់ចាម លើកទី២ នៅរាជធានីភ្នំពេញ និងទី៣ នៅខេត្ដកណ្ដាលនេះផ្ទាល់តែម្ដង ហើយក្រសួងសុខាភិបាល និងបណ្ដាលថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យរាជធានី-ខេត្ដ នឹងបន្ដយុទ្ធនាការ ចុះពិនិត្យព្យាបាលកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាសបន្ថែមទៀត ។

ទន្ទឹមនឹងនោះ លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏បានចុះទៅពិនិត្យមើលការព្យាបាល របស់ក្រុមគ្រូពេទ្យ ជូនកម្មករ-កម្មការិនី និងណែនាំពួកគាត់ថា បើមានស្ថានភាពមិនស្រួល មកទទួលសេវាពិនិត្យសុខភាព នៅមន្ទីររដ្ឋមក មិនអស់ថវិកាព្យាបាលទេ ដោយសម្ដេចតេជោ ហ៊ុនសែន បានផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែ មករា ២០១៨នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ) ។ពិសេស ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ១២០% លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ ទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន១លាន២០ម៉ឺនរៀលរួម នឹងការឧបត្ថមបន្ថែមទៀតពីសម្ដេចតេជោ។

លោកអភិបាល ខេត្ដបន្ដទៀតថា លើសពីនេះ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ ។ដូច្នេះ ត្រូវរួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម៕