(​ឧត្តរមានជ័យ)៖ ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ទំនិញមួយចំនួន ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលបងប្អូនអាជីវករអ្នកលក់ដូរមួយចំនួន តែងឆក់ឱកាស​​ពិធីបុណ្យទានផ្សេងៗនោះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងក្រុងសំរោង។

ក្នុងការត្រួតពិនិត្យ​មន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល បានផ្តោតទៅលើ គ្រឿងវិចខ្ចប់ដាក់ក្នុងសាដក សម្រាប់ប្រគេនព្រះសង្ឃ គ្រឿងភេសជ្ជៈនានាមួយចំនួនទៀត តាមផ្ទះប្រជាពលរដ្ឋរស់ នៅក្នុងក្រុងសំរោងទាំងមូល ហើយជាលទ្ធផលមន្ត្រីកាំកុងត្រូល រកឃើញទំនិញហួសគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកញគោកូនក្មេងចំនួន២០ប្រអប់តូច ចាហ៊ូយតែគុជចំនួន៣កញ្ចប់ ម្សៅទឹកដោះគោចំនួន២០កញ្ចប់ និងទឹកដោះគោស្រស់ចំនួន១០កំប៉ុងផងដែរ បានដកហូតដើម្បីយកទៅកម្ទេចចោល។

ក្រៅពីនេះ មន្ដ្រីកាំកុងត្រូល បានអប់រំណែនាំឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង ហើយរាល់ទំនិញដែល​ទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់ ពិសេសកុំ​ទំនិញបាតឃ្លាំងដែលគេស្តុបទុកចោលរាប់ឆ្នាំយកមកលក់បន្ត។

ជាមួយគ្នានេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ មុននឹងទិញទំនិញអ្វីមួយ ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់៕