(ភ្នំពេញ)៖ ទោះជាមានសន្និសីទកាសែត ច្រានចោលចំពោះការចោទប្រកាន់លើអាមេរិកក៏ដោយ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែទាមទារឱ្យអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A.Heit បកស្រាយឱ្យបានច្បាស់ជូនមហាជនថាតើសហរដ្ឋអាមេរិកពិតជាបានដាក់ ផែនការ និងបញ្ជាឲ្យលោក កឹម សុខា យកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ដូចការលើកឡើងរបស់ លោកកឹម សុខា មែនឬមិនមែន?

លោក សុខ ឥសាន បានបញ្ជាក់ប្រាប់ Fresh News «ដើម្បីជម្រះការសង្ស័យ គួរឯឧឯកអគ្គរដ្ឋទូតអាមេរិក បង្ហាញមហាជនឲ្យច្បាស់មក តើសហរដ្ឋអាមេរិក ពិតជាបានដាក់ផែនការ និងបញ្ជាឲ្យ កឹម សុខា យកគំរូតាមប្រទេសយូហ្គោស្លាវី និង ស៊ែបប៊ី មែនដូចកឹម សុខា ថាឬទេ ឬមិនមែន? មិនគួរនៅស្ងៀម និងនិយាយប្រាសចាកសំណួរនោះទេ នាំឲ្យសង្ស័យ នៅតែសង្ស័យដដែល»

លោក សុខ ឥសាន បានឆ្លើយតបបន្ថែមថា «ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន មានប្រតិកម្មចំពោះអំពើលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ក្នុងការឃុបឃិតដាក់ផែនការឲ្យធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកតាមគម្រូប្រទេសយូហ្គោស្លាវី និងស៊ឺបប៊ីនោះ ឯឧ ឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងនូវការឈឺចាប់ ហើយថាជាការចោទប្រកាន់មិនធម្មតា។ សូមអរគុណ ឯឧ ឯកអគ្គរដ្ឋទូតអាមេរិក ដែលសម្តែងការឈឺចាប់ នៅពេលមានការប៉ះទង្គិចដល់ខ្លួន ហើយសង្ឃឹមថា ឯឧទូតក៏យល់ពីការឈឺចាប់របស់ប្រទេសតូចតាច ដែលបង្កឡើងដោយប្រទេសធំៗផងដែរ។ គេនៅចងចាំមិនភ្លេចទេថា កាលពីឆ្នាំ២០១៦ មានលេចឮព័ត៌មានថា ប្រទេសរុស្សីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យអាមេរិកមានការខឹងសម្បារ​ និងឈឺចាប់»

លោក សុខ ឥសាន បានរម្លឹកថា៖ «ដល់បញ្ហាកម្ពុជាដែល កឹម សុខា និយាយច្បាស់ៗថា អាមេរិកជាអ្នករៀបចំផែនការ និងណែនាំឲ្យខ្លួនធ្វើសកម្មភាព ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ តើបញ្ហានេះ គួរឲ្យប្រមុខរាជរដ្ឋាភិបាល ចេះឈឺចាប់ដែរឬទេ? ប្រាកដជា ចេះឈឺចាប់ដូចឯឧ ឯកអគ្គរដ្ឋទូតអាមេរិកដែរ»

សូមជំរាបថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីធ្វើសន្និសីទកាសែតមួយ អគ្គរដ្ឋទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការភ្ជាក់ផ្អើល ចំពោះការចោទប្រកាន់លើសហរដ្ឋអាមេរិកថា ពាក់ព័ន្ធជាមួយនឹងការចាប់ខ្លួនលោក កឹម សុខា ដែលជាប់ចោទក្នុងបទល្មើសក្បត់ជាតិ។ ជាមួយនឹងការច្រានចោលចំពោះការចោទប្រកាន់លើសហរដ្ឋអាមេរិក លោកអគ្គរដ្ឋទូត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់អាមេរិកដោយមិនមានភស្តុតាង ហើយបញ្ជាក់ថាសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក បានរងការប្រមាថធ្ងន់ធ្ងរចំពោះរឿងនេះ។

សូមបញ្ជាក់ថា នាថ្មីៗនេះ មុនពេលចាប់ខ្លួន លោក កឹម សុខា មានការបែកធ្លាយវីដេអូមួយរបស់មេបក្សប្រឆាំងនេះ នៅលើបណ្តាញសង្គម Facebook ដែលនិយាយនៅប្រទេសអូស្រ្តាលីថា សហរដ្ឋអាមេរិកបានបង្គាប់ឱ្យរូបលោក យកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ក្នុងការដណ្តើមយកអំណាចពីរាជរដ្ឋាភិបាលកម្ពុជា។ លោក កឹម សុខា ថែមទាំងបញ្ជាក់ទៀតថា បើអាមេរិកជួយយ៉ាងដូច្នេះហើយ នៅតែមិនទទួលបានជោគជ័យទៀតនោះ លោកក៏គ្មានពាក្យនិយាយដែរ៕