(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកាគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកា សភាតំណាងរាស្រ្ត មណ្ឌលកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក នៅថ្ងៃទី០៩ ខែកញ្ញានេះ បានចុះមកពង្រឹងសមត្ថភាពការងារមន្ដ្រីរបស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញកាតព្វកិច្ច បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានល្អប្រសើរ។

ការចុះពង្រឹងការងារនេះ របស់លោកស្រី ឃួន សុដារី នេះ បានធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល ជាមួយជាសមាជិក សមាជិកាក្រុមការងារគណបក្សស្រុកចុះជួយឃុំសណ្តារ និងប្រធាន អនុប្រធានសមាជិក សមាជិកាគណៈកម្មាធិការគណបក្សឃុំ ក្រមការងារយុវជន ស្ត្រី គណបក្សឃុំ សាខាបក្សភូមិ ។

លោកស្រី បានថ្លែងអំណរគុណ ដល់មន្រ្តីបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានគាំទ្រកម្មវិធីនយោបាយគណបក្សរៀងរហូតមក ហើយបច្ចុប្បន្ន​ កំពុងធ្វើសកម្មភាពបំពេញមុខងារ​ តាមតួនាទី ដើម្បីពង្រឹងរចនាសម្ពន្ធ័ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ពិសេសទៀត គឺការចុះជួបគ្រួសារបក្ស ការចិញ្ចឹមចលនាបក្ស ការពង្រឹង ពង្រីកបក្ស និងការជំរុញសមាជិកបក្សចុះឈ្មោះបោះឆ្នោត ។

លើសពីនោះ លោកស្រី ក៏បានថ្លែងទៅកាន់សមាជិកបក្សរបស់ខ្លួនថា ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ក្នុងខេត្ដកណ្ដាលនេះ ​សូមក្រុមការងារ ត្រូវបង្កើនសកម្មភាព ចុះជួយ និងសួរទុក្ខប្រជាពលរដ្ឋ​ ទាំងអស់ ដែលស្ថិតក្នុងការ មើលខុសត្រូវរបស់ខ្លួន ត្រូវធ្វើតែអំពើល្អ សាមគ្គីភាពផ្ទៃក្នុងបក្ស មានររបៀបធ្វើការងារត្រឹមត្រូវ ច្បាស់លាស់ គ្រប់ពេលវេលា ក្នុងការ​ជួយរកដំណោះស្រាយនានា របស់ពួកគាត់ ឲ្យបានគ្រប់ពេលវេលា និងឆាប់រហ័សផងដែរ៕