(ភ្នំពេញ)៖ ក្រោយពីចាប់ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រយៈពេល៧ថ្ងៃរួចមក (ចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងស្ថិតិប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ត្រឹម៦ថ្ងៃដំបូង ក្នុងនោះមានចំនួន ៣៧,៥៨៧នាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១២៨នាក់។

ក្នុងតារាងស្ថិតិទាំងនោះ គ.ជ.ប បានបញ្ជាក់ថា៖
* ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៤,៧១៦នាក់។
* ថ្ងៃទី០២ ខែកញ្ញា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៦,៩៤៤នាក់។
* ថ្ងៃទី០៣ ខែកញ្ញា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៦,៥៧៨នាក់។
* ថ្ងៃទី០៤ ខែកញ្ញា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧,៦៦១នាក់។
* ថ្ងៃទី០៥ ខែកញ្ញា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៥,៧៩៥នាក់។
* ថ្ងៃទី០៦ ខែកញ្ញា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៥,៨៩៣នាក់ សរុបទាំងអស់មានចំនួន ៣៧,៥៨៧នាក់

សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕