(ភ្នំពេញ)៖ គំរោងផ្សារកុងតឺន័រដ៏ថ្មីស្រឡាងមួយទៀត បង្កើតឡើងក្នុងគោលបំណងបង្កើនភាពទាក់ទាញ ផ្នែកទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដោយបន្ថែមនូវកន្លែង កំសាន្តសប្បាយ ដល់អ្នកដែលរស់នៅទីក្រុងភ្នំពេញ ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ «ផ្សារកុងតឺន័រ២០៤០» លាតសន្ធឹងលើផ្ទៃដីជាងមួយហិចតាកន្លះ ដែលអាចចាត់ទុកបានថា ជាផ្សារកុងតឺន័រដ៏ធំជាងគេនៅទីក្រុងភ្នំពេញ។

ផ្សារកុងតឺន័រថ្មីនេះ បង្កើតឡើងដោយអ្នកជំនួញជនជាតិខ្មែរ និងសិង្ហបុរី ដែលមានទីតាំងកណ្តាលទីក្រុងភ្នំពេញ ស្ថិតលើផ្លូវសុធារស ជិតផ្សារទំនើប អេអនម៉លទី១ និងនៅជិតទីក្រុងកោះពេជ្រ។ ផ្សារកុងតឺន័រ២០៤០ ត្រូវបានរចនាប្លង់យ៉ាងស្រស់ស្អាតដោយ ស្ថាបត្យករជនជាតិសិង្ហបុរី រចនាឡើងប្រកបដោយ សោភ័ណភាព និងភាពទំនើបទាន់សម័យជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ ប្រជាជនកម្ពុជា។

ផ្សារកុងតឺន័រ២០៤០ មានទីធ្លាចតយានយន្តធំទូលាយអាចចតរថយន្តបានជាច្រើនរយគ្រឿងយ៉ាងមានសុវត្ថិភាពនិងសំរួលការកកស្ទះបានយ៉ាងច្រើន នៅក្នុងផ្សារកុងតឺន័រ២០៤០នេះផងដែរ។ មានតូបកុងតឺន័ររហូតដល់៥០០តូប ដែលបែងចែកជា៤ផ្នែកធំៗ ដាច់ពីគ្នា មិនមានភាពរញ៉េរញ៉ៃដែលមាន ផ្នែកលក់ទំនិញ ផ្នែកលក់អាហារគ្រប់ប្រភេទ, ផ្នែកហាងកាហ្វេដែលមានម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព និងផ្នែក PUB ព្រមទាំងកន្លែង កំសាន្តផ្សេងៗ ទៀតបើកបម្រើជូន២៤ម៉ោង ដល់បងប្អូនខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទទួលភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាព ផងដែរ។

បច្ចុប្បន្ននេះ គម្រោងផ្សារកុងតឺន័រនេះកំពុងតែចាប់ផ្តើមការសាងសង់ ហើយនឹងឈានទៅបញ្ចប់នៅក្នុង ខែវិច្ឆិកាខាងមុខ។ រហូតមកដល់ពេលនេះ មានអតិថិជនជាច្រើនមកធ្វើការកក់តូបរហូតដល់៧០% ហើយ សម្រាប់ផ្នែកខាង PUB វិញគឺទទួលបានការកក់ពេញរហូតដល់៩៥% ដោយតែតូប នៅផ្សារកុងតឺន័រ២០៤០ មានតម្លៃសមរម្យដោយតម្លៃចាប់ផ្តើមពី៣០០ដុល្លាអាមេរិក តែប៉ុណ្ណោះ៕