(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបង្ហាញជំហរគាំទ្រចំពោះចំណាត់ការសមត្ថកិច្ច ក្នុងការចាប់ខ្លួនប្រធានបក្សប្រឆាំងមួយនេះ។

សេចក្តីថ្លែងការណ៍នេះ «ក្រសួងការពារជាតិ បានចាត់ទុកថា ការនិយាយផ្ទាល់មាត់ និងសកម្មភាពរបស់ កឹម សុខា ជាអំពើខុសច្បាប់ មានលក្ខណៈជាបទឧក្រិដ្ឋជាក់ស្តែង ក្បត់ជាតិ ប៉ះពាល់ដល់សន្តិសុខជាតិ មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។

ក្រសួងការពារជាតិ ក៏បានប្រកាសគាំទ្រដាច់ខាតដល់រដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាច់ខាតមិនឱ្យមានអំពើបដិវត្តន៍ពណ៌ និងការឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រូវបានអន្តរជាតិទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា និងសុំឱ្យតុលាការផ្តន្ទាទោសឈ្មោះ កឹម សុខា និងបក្ខពួកខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕