(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ភ្លាមៗសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងថ្លុង ដែលមានចំងាយប្រមាណ ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ចំណែកអង្គរក្សរបស់លោកប្រមាណ៨នាក់ផងដែរ ត្រូវបានចាប់ខ្លួន។

ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។

បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជា របស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ ភ្លាមៗលោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារនៅលើបណ្តាញទំនាក់ទំនង Facebook យ៉ាងដូច្នេះថា៖

«កឹម សុខា ក្បត់កម្ពុជាហើយ, គាត់បាន សារភាពថា មានផែនការជាមួយ សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៩៣, អរគុណគាត់ដែលធ្វើឲ្យពួកយើងឥឡូវនេះបានដឹងអ្នកណាជាជនទី៣»។ Kem Sokha betrayed Cambodia. He confessed to have term plans with the United States since 1993... Thank to him, we now know who was (is) the Third Hand...»៕