(ភ្នំពេញ)៖ នៅវេលាម៉ោង០០៖៣៥នាទីយប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។  

ជុំវិញការចាប់ខ្លួននេះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រតិកម្មវិញថា៖ «អំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយបរទេស ដើម្បីបង្កបញ្ហាដល់កម្ពុជា នោះជាបទឧក្រិដ្ឋ ដែលមានចែងក្នុងមាត្រា ៤៤៣ បទ សន្ទិដ្ឋិភាពជាមួយបរទេស នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា! ប្រសិនអំពើនេះ ប្រព្រឹត្តដោយពលរដ្ឋខ្មែរ នោះជាអំពើក្បត់ជាតិ ដែលមានកំណត់ច្បាស់ក្នុងមាត្រា៤៣៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»!

លោក គឹម សន្តិភាព បានបន្តបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តីលោក កឹម សុខា តាមរយៈវីដេអូក្លីបកំពុងតែផ្សព្វផ្សាយរហូតមកដល់ពេលនេះ ដែលនេះគឺជាបទល្មើសជាក់ស្តែង! ហេតុនេះមន្ត្រីមានសមត្ថកិច្ចត្រូវចាត់វិធានការតាមផ្លូវច្បាប់ស្របតាមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!
អភ័យឯកសិទ្ធិសភា ពុំអាចការពារសមាជិកសភាដែលប្រព្រឹត្តបទល្មើសជាក់ស្តែងបានទេ! ដំណាក់កាលនេះ ស្ថិតក្រោមសមត្ថកិច្ចតុលាការកម្ពុជា ហេតុនេះសូមទុកជូនស្ថាប័នឯករាជ្យនេះដំណើរការនីតិវិធីទៅតាមច្បាប់!»។

យោងតាមច្បាប់ មាត្រា៤៤៣ បានថ្លែងថា អំពើក្បត់ជាតិ និងចារកម្ម៖ «បទសន្និដ្ឋិភាពជាមួយបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ឆ្នាំ) ទៅ៣០ (សាបសិប)ឆ្នាំ។

សូមជំរាបថា បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជា របស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ ភ្លាមៗលោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារនៅលើបណ្តាញទំនាក់ទំនង Facebook យ៉ាងដូច្នេះថា៖ «កឹម សុខា ក្បត់កម្ពុជាហើយ, គាត់បាន សារភាពថា មានផែនការជាមួយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៩៣, អរគុណគាត់ដែលធ្វើឲ្យពួកយើងឥឡូវនេះបានដឹងអ្នកណាជាជនទី៣»។ Kem Sokha betrayed Cambodia. He confessed to have term plans with the United States since 1993... Thank to him, we now know who was (is) the Third Hand...»៕