(ភ្នំពេញ)៖ បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជា របស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ ភ្លាមៗលោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារនៅលើបណ្តាញទំនាក់ទំនង Facebook យ៉ាងដូច្នេះថា៖

«កឹម សុខា ក្បត់កម្ពុជាហើយ, គាត់បាន សារភាពថា មានផែនការជាមួយ សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៩៣, អរគុណគាត់ដែលធ្វើឲ្យពួកយើងឥឡូវនេះបានដឹងអ្នកណាជាជនទី៣»។ Kem Sokha betrayed Cambodia. He confessed to have term plans with the United States since 1993... Thank to him, we now know who was (is) the Third Hand...»

លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចាប់ខ្លួននេះក៏មានអង្គរក្ស របស់លោក កឹម សុខា មួយចំនួនផងដែរ។

សូមជំរាបថា ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ហាញពីផែនការមួយចំនួន ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា កំពុងគ្រប់គ្រងអំណាចដោយមានការគាំទ្រពីសហរដ្ឋអាមេរិក តាមរយៈវីដេអូមួយនៅលើបណ្តាញព័ត៌មាន CBN ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ ក្នុងវីដេអូនេះ លោក កឹម សុខា បានបង្ហាញពីផែនការជាច្រើនដែលផ្តល់គំនិត និងបង្ហាត់បង្រៀនដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការប្រើអំណាចមហាជនឆ្ពោះទៅរកការក្តោបក្តាប់អំណាច។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយ ដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។

ក្រោយការចាប់ខ្លួនលោក កឹម សុខា ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕