(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ រួមជាមួយកងទ័ពនៅយោធភូមិភាគទី៤ទាំងអស់ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនលោក កឹម សុខា ដើម្បីទប់ស្កាត់ភាពវឹកវរ និងមហន្តរាយចំពោះសង្គមជាតិ។

លោក ជា ម៉ន និងកងទ័ពនៅយោធភូមិភាគទី៤ ក៏បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់អហង្ការចំពោះទង្វើរបស់លោក កឹម សុខា ដែលទៅឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ពនៅយោធភូមិភាគទី៤ មានការខកចិត្តជាខ្លាំងចំពោះ កឹម សុខា ដែលជាអ្នកនយោបាយបញ្ច្រាស់ទិស ហ៊ានឃុបឃិតជាមួយពួកបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តន៍ពណ៌ ដែលជាទង្វើក្បត់ជាតិមិនអាចអត់ឱនឲ្យបានឡើយ។ យើងខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះចំណាត់ការរបស់សមត្ថកិច្ចទៅលើ កឹម សុខា និងបក្ខពួក»

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ហាញពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងអំណាចដោយមានការគាំទ្រពីសហរដ្ឋអាមេរិក តាមរយៈវីដេអូមួយនៅលើបណ្តាញព័ត៌មាន CBN ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ ក្នុងវីដេអូនេះ លោក កឹម សុខា បានបង្ហាញពីផែនការជាច្រើនដែលផ្តល់គំនិត និងបង្ហាត់បង្រៀនដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការប្រើអំណាចមហាជនឆ្ពោះទៅរកការក្តោបក្តាប់អំណាច។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។

ក្រោយការចាប់ខ្លួនលោក កឹម សុខា ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕