(បន្ទាយមានជ័យ)៖ ថ្លែងពីខេត្តបន្ទាយមានជ័យ លោក ហ៊ុន ម៉ាណែត បានអះអាងថា ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជានិច្ច ព្រោះបានធ្វើបុណ្យ ធ្វើអំពើល្អ ធ្វើគុណរំដោះប្រទេសជាតិ​ រំដោះប្រជាពលរដ្ឋ ដែលទទួលបាន​ការគោរពស្រលាញ់គាំទ្រពី​សំណាក់ប្រជាពលរដ្ឋ មិនដូចការលើកឡើងរបស់អ្នកនយោបាយខ្លះនោះទេ​។

ក្នុងពិធី​សម្ពោធបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តសមាធិផល ស្ថិតក្នុងក្រុងសិរីសោភ័ណ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ​ក្រោយពេលសង្គ្រាម ប្រទេសជាតិ​មានការវិវឌ្ឍច្រើនណាស់ តាមរយៈការចូលរួមកសាងរបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ដែលនេះ​គឺជាមោទនភាព ដែលបានផ្តល់ដល់តម្លៃ នៃសុខសន្តិភាព ដើម្បីកសាងប្រទេស។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត៤០ឆ្នាំនេះ​ បានបង្កើតឱកាស និងកសាងសមិទ្ធិផលច្រើនណាស់ ហើយយើងប្តេជ្ញាខិតខំធ្វើបន្តទៀត ប្តេជ្ញាចិត្តដើម្បីជួយដល់ប្រជាពលរដ្ឋ ជាបន្តទៀតដរាបណាលោកតា លោកយាយ ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រឲ្យសម្តេច កសាងសមិទ្ធិផលជូនប្រជាពលរដ្ឋជាបន្តទៅទៀត។ អ្នកធ្វើមិនដែលគ្រប់ មិនដែលល្អឥតខ្ចោះ ១០០ភាគរយនោះទេ មិនស្រួលដូចអ្នកថានោះទេ»

លោកបន្ថែមថា យើងបានបញ្ចប់សង្គ្រាម គឺជាការធ្វើបុណ្យដ៏ធំណាស់ សម្រាប់សង្គ្រោះជីវិតប្រជាពលរដ្ឋ កូនចៅប្រជាពលរដ្ឋដែលធ្វើឲ្យយើងទាំងអស់គ្នា រស់នៅក្នុងសុខសន្តិភាព អភិវឌ្ឍប្រទេសធ្វើឲ្យប្រជាលរដ្ឋមានបាន រស់នៅក្នុងជំនឿសាសនាផ្សេងៗ កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រ ធ្វើការ ស្របពេលដែលប្រទេសកម្ពុជា ជាប់ជាប្រទេសស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុត ក្នុងលោក​គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យ នៃកំណើនសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើថា ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធ ដែលបានកសាងសមិទ្ធផលរួមគ្នា ដើម្បីផលប្រយោជន៍រួម សម្រាប់មនុស្សជំនាន់ក្រោយ ព្រោះការសម្ពោធសមិទ្ធិផល នៅក្នុងទីអារាមនៅពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ ក្រោមដំបូលសុខសន្តិភាព ការចូលរួមគាំទ្រកសាងសមិទ្ធិផល ពីសំណាក់ប្រជាពលរដ្ឋសម្រាប់សង្គម គឺមានសារៈសំខាន់ណាស់ព្រោះថា រាជរដ្ឋាភិបាល ក៏មិនអាចធ្វើម្នាក់ឯងបានទេ។

លោកក៏បានផ្តាំផ្ញើដល់យុវជន សិស្ស និស្សិត​ទាំងអស់ សូមបន្តការសិក្សា​កសាងចំណេះដឹងសមត្ថភាព សីលធម៌ គុណធម៌ ជួយធ្វើអំពើល្អ ព្រោះយុវជនជាទី​សង្ឃឹមរបស់គ្រួសារ ប្រទេសជាតិ និងស្នងបន្តថែរ្សាការពារសន្តិភាព និងសមិទ្ធផលនានា ដែលបានកសាងសម្រាប់មនុស្សជំនាន់ក្រោយ៕