(តាកែវ)៖ ក្រោយមិនអនុញ្ញាតឲ្យបើកយុទ្ធនាការ នៅផ្សារក្រុងតាកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ​ យុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានោះ បានសម្រេចប្រកាសបិទបញ្ចប់តែម្ដង។

លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកនេះថា បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការនេះទៅ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ លោករួមជាមួយក្រុមការងារ នឹងយកហិបថវិកាដែលបានមកពីការរៃអង្គាសនោះ យកទៅជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ផ្ទាល់នៅស្រុកកំណើតតែម្ដង។

ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «​ខ្ញុំ​ពេជ្រ ស្រស់ និងក្រុមការងារ សូមប្រកាសបិទយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីចូលរួមកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡី នៅព្រឹកនេះតែម្តង ក្រោយពីក្រុមយើងខ្ញុំបរាជ័យ ស្នើ​សុំទីតាំងផ្សារក្រុងតាកែវ ខេត្តតាកែវ ដើម្បីរៃអង្គាសថវិកាមិនបាន ហើយក្រុមយើងខ្ញុំ នឹងយកហិបថវិកាជូនគ្រួសារលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះតែម្តង»

ជាមួយនឹងយុទ្ធនាការនេះ លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា លោក និងក្រុមការងារ ពិតរីករាយចំពោះសកម្មភាព រៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះ ក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន ជាដើមនោះ មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោករួមនឹងក្រុមការងារ បានសម្រេចបើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌ មានរយៈពេល៣០ថ្ងៃ៕